ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកកៀរបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងមួយរំពេច

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តធុនធំប្រភេទបែនដឹកដីមិនស្គាល់ម៉ាក បើកកៀរបុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យដួលបោកក្បាលដេកស្លាប់ក្នុងថ្លុកឈាមមួយរំពេច ធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់ចិត្តគ្រប់ៗគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិព្រៃគោ ឃុំលុះហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តា រស់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកZoomer-X ពណ៌ស គ្មានស្លាកលេខ ។ ចំណែកឯរថយន្តបង្កជាប្រភេទរថយន្តបែកដឹកដីមិនស្គាល់ម៉ាក ក្រោយពីកើតហេតុបានបើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនមធ្យម ខណៈនោះស្រាប់តែមានរថយន្តបែនដឹកដីបើកស្របទិសគ្នាកៀរដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅហ្នឹងកន្លែង ។ ក្រោយពីមានហេតុការណ៍កើតឡើង រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ពោលគឺបានបន្ថែមល្បឿនគេចទៅទិសខាងជើងបាត់ស្រមោលតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

se-1 se-2 se-3 se-4 se-5


ចែករំលែក៖