ភ្នំពេញៈ រថយន្តដឹកឥដ្ឋការ៉ូមួយគ្រឿង ខណៈកំពុងបើកឡើងស្ពានអាកាសក្បាលថ្នល់ បានត្រឹមពាក់កណ្ដាលស្ពាន ស្រាប់តែ ដាច់កាឡេនិងបាក់ជន្ទាស រអិលថយក្រោយប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតជាច្រើនផ្ទាំងទើបអស់ល្បឿនឈប់ង៉ក់ទៅក្រោយលែងរួច ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់បានបើករថយន្តដឹឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ សពាក់ស្លាកលេខ តាកែវ3A-1246 មួយគ្រឿង ធ្វើដំណើរឡើងស្ពានអាកាសក្បាលថ្នល់ពីលិចទៅកើត។លុះ ឡើងបានពាក់កណ្ដាលផ្លូវស្រាប់តែដាច់កាឡេនិងបាក់ជន្ទាសបណ្តាលឲ្យរអិលថយក្រោយទៅប៉ះរនាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់១០ផ្ទាំង ប៉ុន្តែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយគ្រាន់តែខូចខាតតែសម្បត្តិរដ្ឋប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ នគរបាលចរាចរ បានមកដល់ចុះវាស់វែងនិងយករថយន្តទៅ រក្សាទុកនៅករិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី ដើម្បីរង់ចាំម្ចាស់រថយន្តទៅធ្វើការដោះស្រាយពេលក្រោយ ៕ ប្រាថ្នា