ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលស្រុកខ្សាច់កណ្តាលព្រមទាំងជនរងគ្រោះ ចាប់ខ្លួនពាក់ព័ន្ធករណីឆបោកម៉ូតូមួយគ្រឿងម៉ាកZoomer-X ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិត គឹមស្រ៊ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងកាត់សក់នៅឯក្រុងតាខ្មៅ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកឯជនរងគ្រោះឈ្មោះ ចន្ទ សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងកាត់សក់នៅឯក្រុងតាខ្មៅ មានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាកZoomer-X ពណ៌សបិតស្កុតពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល1T-3150 ។
ប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ រិត គឹមស្រ៊ាន់ បាននិយាយសុំខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថាជិះទៅទិញបាយហូបមួយភ្លែត ។ ក្រោយពីខ្ចីម៉ូតូជនរងគ្រោះបានហើយនោះជនសង្ស័យក៏បានជិះម៉ូតូចេញពីហាងកាត់សក់នៅឯសង្កាត់ព្រែកឬស្សីបាត់ទៅ ។ បន្ទាប់ពីជនសង្ស័យជិះម៉ូតូទៅបាត់អស់រយៈពេលជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានសម្រេចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឬស្សី ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីដាក់ពាក្យបណ្តឹងរួចជនរងគ្រោះបានបន្តរុករកជនសង្ស័យ រហូតប្រទះឃើញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ក៏ប្រញាប់ប្តឹងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ