ភ្នំពេញ ៖ នៅចុងឆ្នាំ២០១៦ និង ដើម ឆ្នាំ ២០១៧ រយៈពេល៣ខែ នៃយុទ្ធនាការជួសជុលផ្លូវខូច និងការបំផ្លាញពីរថយន្តធំៗ ដែលលបលួចចូលក្រុង កាលពីរដូវវស្សា ឆ្នាំ២០១៦ នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងគ្រោងចំណាយថវិកា ប្រមាណ ១០ លានដុល្លារ សម្រាប់ការស្ដារផ្លូវ ចំនួន៥៧ខ្សែ ដែលមានប្រវែងជាង ៦៤ គីឡូម៉ែត្រ នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពិនិត្យឃើញថា ផ្លូវរងនូវការខូចខាតខ្លាំងនោះ ដើម្បីធ្វើប្រព័ន្ធផ្លូវ ក្នុងទីក្រុងទាំងមូល បានល្អប្រសើរ និងកាន់តែងាយស្រួល ក្នុងការធ្វើចរាចរឡើងវិញ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ AC ផ្លូវចំនួន៦ខ្សែ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញស្តីទី។
លោកអភិបាលរាជធានីស្តីទី បានបញ្ជាក់ថា ផ្លូវចំនួន៥៧ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការស្ថាបនា នៅក្នុងខណ្ឌទាំង ៩ នាពេលនេះ គឺយុទ្ធនាការ ទ្រង់ទ្រាយធំមួយ ដែលពុំធ្លាប់មានកន្លងមកនេះ សម្រាប់ជាចំណងដៃ ក្នុងឆ្នាំថ្មី ដែលគ្រោងបញ្ចប់ ឲ្យរួចរាល់ជាស្ថាពរ នៅមុនថ្ងៃចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧។ ដើម្បីឲ្យការងារស្ថាបនា ផ្លូវទាំង៥៧ខ្សែ ធានាបានទាំងគុណភាព និង សម្រេចបានតាមផែនការ ដែលរដ្ឋបាលរាជធានីភ្នំពេញនោះ ចាំបាច់ត្រូវតែមានការចូលរួម និង តាមដានត្រួតពិនិត្យ ពីប្រជាពលរដ្ឋ ជាមួយក្រុមមន្ត្រីជំនាញ បច្ចេកទេសរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកុំក្រុមហ៊ុនទទួលម៉ៅការ អនុវត្តខុសពីបទដ្ឋាន បច្ចេកទេស។
លោក ឃួង ស្រេង បានបន្តទៀតថា សូមឱ្យមានការចូលរួម របស់ប្រជាពលរដ្ឋ នៅក្នុងការងារនេះ គឺមានសារសំខាន់ណាស់ ក្រៅពីបានយល់ដឹង ពីការងារបបច្ចេកទេស ក្នុងការស្ថាបនាផ្លូវនោះ ក៏បានបញ្ចប់នូវពាក្យរិះគន់ ដែលតែងតែនិយាយពាក្យថា ចាក់ក្រាស់ ស៊ីស្តើង ចាក់ស្តើង ស៊ីក្រាស។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ ឲ្យឃើញពីយកចិត្តទុកដាក់ លើការកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងបង្ហាញឲ្យឃើញ ពីការរីកចំរើនរបស់ ប្រទេសជាតិផងដែរ ខណៈដែរ ចំនួនយានជំនិះ គ្រប់ប្រភេទកើនឡើង ជារៀងរាល់មួយឆ្នាំនោះ។
ដោយឡែក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន រាជធានីភ្នំពេញស្តីទី បានឲ្យដឹងថា៖ ផ្លូវចំនួន៥៧ខ្សែ ដែលបានបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ AC ផ្លូវទាំង៥៧ខ្សែ នៅក្នុងខណ្ឌទាំង ៩ នាពេលនេះ ធ្វើឡើងតាមផែនការយុទ្ធនាការ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលជាការណែនាំ របស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ គឺតម្រូវធ្វើឲ្យរួចរាល់នៅក្នុងរយៈចំនួន៣ខែ ដែលយុទ្ធនាការនេះបានចាប់ផ្តើមអនុវត្តចាប់តាំងពីថ្ងៃទី៩ធ្នូ ឆ្នាំ២០១៦ កន្លងមកនេះ ដែលការបើកការដ្ឋាន ផ្លូវទាំង៥៧ខ្សែ បានបែងចែកជាក្រុមការងារ ចំនួន៩ក្រុម ដើម្បីដំណើរការ បើកការដ្ឋានព្រមៗគ្នា ក្នុងនោះក៏មានក្រុមចុះធ្វើការ ត្រួតពិនិត្យលើបញ្ហាបច្ចេកទេស ជាប្រចាំផងដែរ។
ក្រុមអ្នកបើកបររថយន្តធុនធំ បាននិយាយ នៅតាមតុកាហ្វេថា សាលាក្រុង បន្ទោស និងទម្លាក់កំហុស ឲ្យតែឡានធំ ថាធ្វើឲ្យខូចផ្លូវ។ តែសម្រាប់ពួកគាត់ ជាមន្ត្រីពាក់ព័ន្ធនឹងការសម្រេច ក្នុងការធ្វើផ្លូវ កុំឲ្យតែយកទឹកតែ ពីអ្នកម៉ៅការ ច្រើនហួសហេតុ និងគ្រប់ថ្នាក់ទៅ នោះផ្លូវមានគុណភាពល្អហើយ ៕ សំរិត