ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទទេសចរណ៍ចំណុះ ១៥កៅអី បុករថយន្តធុនធំដឹកទំនិញ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្វេងដៃខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុរស០៤នាក់បានរងរបួសយ៉ាងធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៩នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
នគរបាលចរាចរណ៍ស្រុកបាកានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9474 ប្រភេទទេសចរណ៍ ចំណុះ ១៥កៅអី ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុករថយន្តធុនធំ ខណៈកំពុងធ្វើដំណើរស្របទិសគ្នាហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកបើកបររថយន្ត ១៥កៅអីនិងអ្នករួមដំណើរបីនាក់ទៀតរងរបួសរដូករណេល។
ប្រភពពត៌មានពីនគរបាលខាងលើបន្តថា ភាគីរថយន្តចំណុះ ១៥កៅអីរងរបួសទី១ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ-ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល,អ្នកបើកបរ) និងអ្នករួមដំណើរ០៣នាក់ទៀតទី១ឈ្មោះ សួង ស៊ុ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឈ្នួល ឃុំពេជចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់) ទី២ឈ្មោះ សេង ចាប ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) និងទី៣ឈ្មោះ សាន្ត ពៅ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (របួសស្រាល)។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះរថយន្តធុនធំម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3C-3946 បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបង្កអ្នកបើកបររត់គេចខ្លួនបាត់ ចំណែកជនរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿងកំពុងចាត់ចែងតាមនីតិវិធី៕ ប៉ឹម ពិន