ភ្នំពេញៈ បុរសម្នាក់ ស្លាប់បាត់បងជិវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូហើយត្រូវរថយន្តបើកបុកពេញទំហឹង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ មួយគ្រឿង គ្មានស្លាកលេខ ជិះតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏ព្យាយាមវារថយន្តមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាជាមួយខ្លួន ខណៈកំពុងព្យាយាមវានោះ ស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ3D 7294 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ដូចគ្នា ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា ក៏បុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត បែកខួរ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យភ្លាមៗ។
ភ្លាមៗនោះរថយន្តបង្ករខាងលើបានបើកគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បាន ចំណែកសព និងម៉ូតូជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងឲ្យក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕សុខាសែនជ័យ