ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បើកប្រតិបត្តិការចុះបង្ក្រាបអ្នកញៀនល្បែងជល់មាន់ក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
ការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់នេះ ធ្វើឡើងនៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ការចុះបង្ក្រាបក្រុមអ្នកលែងល្បែងជល់មាន់នេះ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋល្អថា នៅចំណុចភូមិសាស្ត្រខាងលើ បានលួចលេងល្បែងជល់មាន់ភ្នាល់ដាក់លុយ បន្ទាប់មកលោកអធិការនគរបាលស្រុកបានបញ្ជាកម្លាំងចុះទៅបង្ក្រាបភ្លាមៗតែម្តង ខណៈដែលកម្លាំងចុះទៅដល់ទីតាំងជល់មាន់នោះ ស្រាប់ក្រុមអ្នកញៀនល្បែងដូចជាដឹងខ្លួនជាមុន នាំគ្នារត់គេចខ្លួន ដោយអ្នកខ្លះជិះម៉ូតូរត់គេចចេញ ហើយអ្នកខ្លះទៀតរត់យកតែរួចខ្លួន បន្សល់ទុកម៉ូតូ៦គ្រឿង និងមាន់ជល់១០ក្បាល និងស្បែកជើងជាច្រើនគូផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ប្រជាពលរដ្ឋដែលនាំគ្នាមកលេងល្បែងជល់មាន់នេះ ពុំមានទីតាំងពិតប្រាកដនោះទេ គឺតែងតែចល័ត ណាត់គ្នាមកលេងត្រង់ចំណុចណាមួយ ហើយស្ងាត់ពិបាកសមត្ថកិច្ចចុះបង្ក្រាប។
បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅអធិការស្រុកស្វាយទាបដើម្បីរង់ចាំនៅពេលក្រោយ ៕ យឹមសុថាន