១-តុលាការអាជ្ញាកណ្តាលឲ្យហ្វុីលីពីនឈ្នះក្តីចិននៅសមុទ្រចិនភាគខាងត្បូង
តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេបានច្រានចោលខ្សែបន្ទាត់៩ កំណាត់របស់ចិននៅសមុទ្រចិនភាគខាងត្បូងដែលគ្រប់គ្រងជាង៩០ភាគរយនៅ តំបន់សមុទ្រនោះ។ ប្រធានាធិបតីហ្វុីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានបញ្ជាក់ សាជាថ្មីថា រដ្ឋាភិបាលទីក្រុងម៉ានីលមិនឃ្លាតឆ្លាយពីសេចក្តីសម្រេចរបស់តុលាការ អាជ្ញាកណ្តាលនោះឡើយ បើទោះបីហ្វុីលីពីនមានទំនាក់ទំនងល្អប្រសើរជាមួយចិនក្តី។ នៅពេលនេះបញ្ហាវិវាទនៅសមុទ្រចិនភាគខាងត្បូងរដ្ឋាភិបាលហ្វុីលីពីនបានលើកទុកមួយឡែកសិនមិនទាន់ពិភាក្សានៅឡើយដោយហ្វុីលីពីនចង់បង្កើនទំនាក់ទំនង សេដ្ឋកិច្ចល្អប្រសើរជាមួយចិន។
២-មេដឹកនាំបដិវត្តន៍គុយបា ហ្វុីដែល កាស្ត្រូ ទទួលមរណភាព
មេដឹកនាំបដិវត្តន៍គុយបាលោក ហ្វុី ដែល កាស្ត្រូ បានទទួលមរណភាពកាលពី ខែវិច្ឆិការគឺជាការបាត់បង់យ៉ាងធំធេង សម្រាប់ពលរដ្ឋគុយបា និងប្រទេសជាច្រើន ទៀតនៅក្នុងតំបន់។ ក្រោយមរណភាពរបស់ លោកអឺរ៉ុបនិងអាមេរិកក៏បានពិចារណាលុប ចោលទណ្ឌកម្មទាំងអស់ទៅលើប្រទេស គុយបាដែលបានអនុម័តពេលលោក ហ្វុី ដែល កាស្ត្រូ កាន់អំណាច។ ក្រោយពេល មេដឹកនាំ រ៉ាអ៊ូល កាស្ត្រូ ដែលជាប្អូនប្រុសកាន់អំណាចស្នងពីបងប្រុសនោះទំនាក់ ទំនងជាមួយអាមេរិកមានភាពល្អប្រសើរឡើងដោយប្រទេសទាំងពីរបានបង្កើត ទំនាក់ទំនងការទូតសាជាថ្មី និងអនុញ្ញាត ឲ្យមានជើងហោះហើរចេញចូលប្រទេស គុយបាផងដែរ។
៣-អង់គ្លេសចាកចេញពីអឺរ៉ុប
ពលរដ្ឋអង់គ្លេសបានសម្រេចបោះឆ្នោតជ្រើសរើសចាកចេញពីសហគមន៍អឺរ៉ុប នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី២៤ខែមិថុនា។ ការចាកចេញនោះបានធ្វើឲ្យពលរដ្ឋអង់គ្លេសជាច្រើនបង្ហាញការមិនសប្បាយចិត្តក្នុងនោះក៏មានពលរដ្ឋស្កុតឡេនផងដែរ ដែលពេលនេះចង់បោះឆ្នោត ផ្តាច់ខ្លួនចេញពីអង់គ្លេសជាថ្មីដើម្បីបន្តក្លាយ ជាសមាជិករបស់អឺរ៉ុប។ ការចាកចេញទាំង នោះបានធ្វើឲ្យអឺរ៉ុបប្រឈមនឹងបញ្ហាជាច្រើនក្នុងពេលដែលអឺរ៉ុបកំពុងតែជួបវិបត្តិ និងជនអន្តោប្រវេសន៍ហូរចូលកាន់តែ ច្រើន។
៤-ជ័យជម្នះមិននឹកស្មានដល់របស់ លោក ដូណាល់ ត្រាំ
ការស្ទង់មតិ៩០ភាគរយគឺលោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នកឈ្នះហើយអ្នក នយោបាយអ្នកសេដ្ឋកិច្ចភាគច្រើនក៏គាំទ្រលោកស្រី គ្លីនតុន ដែរ សូម្បីតែសារព័ត៌មាន ធំៗរបស់អាមេរិកក៏លម្អៀងទៅលើលោកស្រី គ្លីនតុន វាយប្រហារ ដូណាល់ ត្រាំ ដែរ។ តែទីបំផុតលោក ត្រាំ បានយក ឈ្នះលោកស្រី គ្លីនតុន ដោយទទួល បានអាសនៈរហូតដល់ទៅ៣០៦លើស ពីតម្រូវការដែលមានតែ២៧០ប៉ុណ្ណោះ។ បើទោះជាលោកទទួលបានជ័យជម្នះពីចំនួន តំណាងរាស្ត្រ តែសន្លឹកឆ្នោតសកលវិញ លោក ត្រាំ ចាញ់លោកស្រី គ្លីនតុន ជិត៣ លានសន្លឹក។
៥-អសន្តិសុខនៅតំបន់អឺរ៉ុប
អឺរ៉ុបប្រឈមនឹងអសន្តិសុខដោយសារតែការវាយប្រហារភេរវកម្មក្រោយពេល ដែលក្រុមភេរវកម្មជាច្រើនបានចូលទៅអឺរ៉ុប តាមរយៈជនភៀសខ្លួនដើម្បីវាយប្រហារដាច់ដោយឡែកពីគ្នា។
ករណីបើករថយន្តធុនធំបុកហ្វូងមនុស្ស នៅក្នុងផ្សារទំនើបសម្រាប់ពិធីបុណ្យណូអែលនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ និងការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីកាលពីថ្ងៃទី១៩ ខែធ្នូ បានធ្វើឲ្យ ចំនួនការវាយប្រហារភេរវកម្មនៅអឺរ៉ុបបានកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០១៦នេះ។ ការ វាយប្រហារនៅអឺរ៉ុបបានកើនឡើងខ្ពស់ ចាប់តាំងពីការវាយប្រហារនៅខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង សម្លាប់មនុស្ស១៣០នាក់ និងរាប់សិបនាក់ ទៀតរងរបួស។
ការវាយប្រហារគ្រាប់បែកនៅទីក្រុងប្រ៊ុច សែលប្រទេសបែលហ្ស៊ិកសម្លាប់មនុស្ស ៣៥នាក់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្រៅពីនេះមានអ្នករងរបួសប្រមាណ៣០០នាក់ផ្សេងទៀត។ ការវាយប្រហារនោះបាន ធ្វើឲ្យបែលហ្ស៊ិកប្រកាសអាសន្នពីសកម្មភាពវាយប្រហារភេរវកម្មខ្ពស់បំផុតមិនធ្លាប់ មាននៅក្នុងប្រទេសរបស់ខ្លួន។
ការវាយប្រហារដោយកាំបិតនៅទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់ថ្ងៃទី១០ ខែ ឧសភា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង រងរបួសជាច្រើននាក់ទៀត។ ជនដែលវាយ ប្រហារបានស្រែកខ្លាំងៗថា ព្រះអាល់ឡោះ ដ៏អស្ចារ្យ។
-ការវាយប្រហារដោយបើករថយន្តបុកនៅទីក្រុងនីសសម្លាប់មនុស្ស៨៧នាក់នៅថ្ងៃទី១៤ ខែកក្កដា និង៤៣៤នាក់ទៀតរង របួសនៅក្នុងហេតុការណ៍រថយន្តដឹកទំនិញ បើកបុកទៅលើហ្វូងមនុស្សឈរចាំមើលការបាញ់កាំជ្រួចក្នុងទិវាបុណ្យឯករាជ្យ បារាំងនាទីក្រុងនីស។ អ្នកបើករថយន្តបំបុក គឺជាជនជាតិទុយនេស៊ី ក្រោយមកក៏ត្រូវ បានប៉ូលិសបាញ់សម្លាប់។ នៅមុនពេល បើករថយន្តបុករះជនដៃដល់បានស្រែកខ្លាំងៗ ថា ព្រះអាល់ឡោះដ៏អស្ចារ្យ។
ហេតុការណ៍ខាងលើបានធ្វើឲ្យប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រ ហូឡង់ ពន្យារស្ថានភាពអាសន្ននៅក្នុងប្រទេសជាបន្តទៀតក្រោយពេលអនុវត្តក្រោយការ វាយប្រហារនៅទីក្រុងប៉ារីសសម្លាប់មនុស្ស ១៣០នាក់។
-បើករថយន្តបុកនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
រថយន្តដឹកទំនិញមួយគ្រឿងបានបុករះនៅក្នុងផ្សារណូអែល ដែលមានមនុស្សកុះករកណ្តាលទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់បណ្តាលឲ្យមានមនុស្ស៩នាក់ស្លាប់ និង៥០នាក់ទៀតរងរបួស។ ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ នៅពេលដែលមានមនុស្សជាច្រើន នៅទីនោះ ពិសេសគឺកុមារដើម្បីទិញសម្ភារ បុណ្យណូអែលដែលខិតជិតមកដល់។
៦-កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុ
សន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបម្រែបម្រួល អាកាសធាតុចាប់ផ្តើមមានប្រសិទ្ធភាព។ ប្រទេសជាសមាជិកបានព្រមព្រៀងកាត់ បន្ថយឧស្ម័នពុលដែលបំផ្លាញស្រទាប់អូ ហ៊្សូន និងធ្វើឲ្យបរិយាកាសកាន់តែអាប់អួបង្ក ឲ្យមានគ្រោះធម្មជាតិកាន់តែច្រើនឡើង។
៧-សង្គ្រាមវាយប្រហារក្រុមIS
សង្គ្រាមវាយប្រហារក្រុម IS ចាប់ផ្តើម មានប្រសិទ្ធភាពក្រោយពេលដែលអីុរ៉ាក់ វាយប្រហារដណ្តើមបានទីក្រុង Mosul និងនៅក្នុងប្រទេសស៊ីរីក៏វាយប្រហារដណ្តើម បានទីក្រុង Aleppo មកវិញ ដែរក្រោយការជួយអន្តរាគមន៍វាយប្រហារតាមដែនអាកាស ពីរុស្ស៊ី។
៨-កូឡុំប៊ីចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយក្រុមបះបោរ
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប្រធានាធិបតី កូឡុំប៊ីលោក Juan Manuel Santos បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយក្រុមបដិវត្តន៍កូឡំប៊ី FARC ដឹកនាំដោយ លោក Rodrigo Londono ដើម្បីបញ្ចប់ សង្គ្រាមស៊ីវិលដែលអូសបន្លាយជាង៥២ឆ្នាំនៅក្នុងប្រទេសនេះ។
៩-វីរុសហ្ស៊ីការាលដាលលើពិភពលោក
វីរុសហ្ស៊ីកាដែលជាប្រភេទវីរុសធ្វើឲ្យ កុមារកើតមកក្បាលតូចបានរាលដាល់នៅជុំវិញពិភពលោកក្នុងនោះក៏មានតំបន់ អាស៊ីផងដែរ។ វីរុសនេះបានរាលដាល ដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃនិងវៀតណាមជាដើម៕ ម៉ែវ សាធី