ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរផ្លូវគោក ខណៈមានរថយន្តមួយគ្រឿងបើកបរ និងរួមដំណើរដោយយុវជនម្នាក់ ២នាក់គំរាម ភ្លាមនោះសមត្ថកិច្ចបានឃាត់រថយន្តដោយសារតែអ្នកបើកបរ និងអ្នករួមដំណើរមិនបានដាក់ខ្សែក្រវាត់ គ្រាន់តែអ្នកបើកបរចេញពីរថយន្តមកនិយាយថា បកស័ក្តិសមត្ថកិច្ច និងវាយនគរបាលប៉ុស្តិ៍បាក់ខែង ព្រមទាំងបានអួតអាងថា ផ្ទះរបស់គេនៅទល់មុខផ្ទះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចក្បែររង្វង់មូលជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលអធិការដ្ឋានខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅចំណុចជិតរង្វង់មូលជ្រោយចង្វា ខណៈពេលកំពុងត្រួតពិនិត្យ ស្រាប់តែរថយន្ត១គ្រឿង ម៉ាក TOYOTA កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2208 បើកបរនឹងរួមដំណើរដោយយុវជន២នាក់ “អត់ពាក់ខ្សែក្រវាត់” ទើបសមត្ថកិច្ចហៅត្រួតពិនិត្យ តែបែរជាយុវជន២នាក់ ចុះពីលើរថយន្ត រួចស្រែកថា “អែងស្គាល់អញអត់ ហ៊ានចាប់អញ ដកសក្តិចេញអស់ឥឡូវ” ដោយនិយាយនៅចំពោះមុខលោកអធិការខណ្ឌក៏បានអួតអាងថា ផ្ទះរបស់គេនៅមុខផ្ទះលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្របពេលនោះដោយសារធុំក្លិនស្រាខ្លាំងពេក នគរបាលចរាចរណ៍រាជធានីភ្នំពេញបានយកឧបករណ៍វាស់ជាតិអាល់កុលទៅវាស់ បែរជាបុរស២នាក់នោះមិនព្រមសហការជាមួយសមត្ថកិច្ចទេ គឺផ្លុំធ្វើតិចៗមិនអាចវាស់កម្រិតជាតិអាល់កុលបាន ព្រមទាំងវាយនគរបាលប៉ុស្តិ៍បាក់ខែងមួយដៃផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនយុវជនទាំង២នាក់នេះរួមជាមួយរថយន្ត១គ្រឿងយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដើម្បីដោះជាក្រោយតាមនីតិវិធី ៕ ជ្រោយពេជ្រ