ភ្នំពេញ៖ ដោយសារតែយកសេចក្តីស្នេហាជាធំ និងមិនសមតាមប្រាថ្នានោះ ធ្វើឲ្យយុវជនម្នាក់គិតខ្លីបានយកកាំភ្លើងអាកា៤៧មួយដើមបាញ់ប្រហារខ្លួនឯងពេលអង្គុយលើប៉ៅអ៊ីតែមិនបានសម្រេចដោយបន្សល់ទុកសំបុត្ររៀបរាប់រឿងស្នហា៣ច្បាប់ និងប៊ិចមួយនៅក្បែរកន្លែងកើត ហេតុ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ជាបន្ទាន់។
ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៧ ខែ ធ្នូឆ្នាំ២០១៦នៅជាន់ទី៣ មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនគិតខ្លីរូបនេះត្រូវបានគេស្គាល់ឈ្មោះ ស្រុង ឈិនឡុង អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខផ្សារអូឡាំពិកក្រុមហ៊ុនថៃប៊ុនរ៉ុង ស្នាក់នៅក្នុងផ្សារអូឡាំពិក កន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ក្នុងផ្សារអូឡាំពិកទាំងមូលមានអតិថិជន និងអ្នកលក់ដូរអ៊ូអរដូចថ្ងៃធម្មតា។ លុះដល់ម៉ោងកើត ហេតុខាងលើគេឮសំឡេងផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់ផាំង ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកលក់ដូរនៅជាន់ទី៣ ហើយពេលក្រឡេកមើលនៅច្រកសន្តិសុខផ្សារយាម ឃើញជនរងគ្រោះកំពុង អង្គុយលើប៉ៅអ៊ីក្រណាត់បាត់មាត់បាត់កមានឈាមហូរកក្លាក់ពីចង្កាស្រោចខ្លួនដោយមានកាំ ភ្លើងអាកា៤៧មួយដើមដួលធ្លាក់ជិតខ្លួនទើបដឹងថា ករណីនេះកើតឡើងដោយសារជនរងគ្រោះធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងតែមិនបានសម្រេច ។ ភ្លាមនោះ ក្រុមអាជីវករបាននាំគ្នា ទៅជួយសង្រ្គោះជនរងគ្រោះនិងបានហៅរថយន្តមកដឹកទៅកាន់មន្ទីពេទ្យមិត្តភាព ខ្មែរ-សូវៀតយ៉ាងរួសរាន់ ខណៈដែលគេបានប្រទះឃើញមានសំបុត្រ៣សន្លឹក និង ប៊ិចមួយដើម សរសេរដោយដៃជនរងគ្រោះផ្ទាល់មុនបាញ់សម្លាប់ខ្លួននៅក្បែរនោះដែរ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងសំបុត្រដែលសរសេរដោយដៃជនរង គ្រោះផ្ទាល់នោះគឺបានរៀបរាប់ពីសេចក្តីស្នេហារបស់គេចំពោះនារីម្នាក់មិនសមតាមបំណង ប្រាថ្នាមានអត្ថន័យថា « អានីអូនសម្លាញ់ បងទៅហើយ ! បងគ្មានអ្វីគ្រប់យ៉ាងឲ្យអូនទុកជាកេរ ទេ ត្រឹមជាសន្តសុខ មិនដូចគេកូនថៅកែ ។ ជូនពរអូន ឲ្យមានសេចក្តីសុខ រស់នៅមានសុភមង្គលជាមួយគេរហូតដល់ចាស់ កុំធ្វើបាបចិត្តគេដូចបងអី ស្មោះស្ម័គ្រគេទៅ ឈប់ធ្វើមនុស្សក្បត់ទៀតយល់ឬនៅ? បងសុំទោសអូនផង…អរគុណអូនដែលក្បត់ចិត្តបង ឥ ឡូវអូនធ្វើបានសម្រេចហើយ ភ្លេចអស់ហើយពាក្យសន្យាជាមួយបង។ លាហើយអូនសម្លាញ់!
ក្រៅពីសំបុត្រមួយសន្លឹកនេះ ក៏នៅមានពីរសន្លឹកទៀតរៀបរាប់អត្ថន័យពីស្នេហាជូរចត់រវាងខ្លួននឹងនារីម្នាក់ឈ្មោះអានីដែលពូតផ្តុំចំណងស្នេហ៍យូរមកហើយ តែពេលនេះនារីរូបនោះទំនងជាដោះដៃពីរូបគេទើបធ្វើឲ្យគេតូចចិត្តប៉ុនប៉ងធ្វើអត្តឃាតយ៉ាងដូច្នេះ ។
ទោះយ៉ាងណាករណីនេះត្រូវបានអាជីវករខ្លះដែលដឹងរឿងនេះបានលួចបង្ហើបឲ្យ ដឹងថា កន្លងមកគេឃើញជនរងគ្រោះ និងនារីឈ្មោះអានី ដែលជាអ្នកមានកំណើតនៅស្រុក កោះធំ និងជាអាជីវករនៅផ្សារអូឡាំពិកបានទំនាក់ទំនងនិងរាប់អានគ្នាជាធម្មតាប៉ុណ្ណោះ ។ ប៉ុន្តែការរាប់អានគ្នារហូតមានការប្រឡែងគ្នាដូចបងប្អូនយូរទៅធ្វើឲ្យយុវជនរងគ្រោះចាប់ផ្តើមលួចស្រលាញ់នាងអានីដែលនាងមិនដឹងខ្លួននិងមិនដែលសាងស្នេហ៍ជាមួយទាល់តែសោះ ហើយនៅពេលមានរឿងហេតុនេះ កើតឡើងទើបធ្វើឲ្យនាង អានី ហួសសចិត្ត និងស្មានមិនដល់ ។
រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលជនរងគ្រោះត្រូវបានគ្រូពេទ្យមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត សង្រ្គោះអាយុជីវិតនៅឡើយ ខណៈដែលជនរងគ្រោះនៅមិនទាន់ដឹងខ្លួនដោយរបួសធ្ងន់ធ្ងរនោះ ៕ ស រស្មី