ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត មួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ បណ្ដាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុង។ អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូត៍លេខ៦៦៣ជ ផ្លូវលេខ៩៩ ក្រុម៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញយានដ្ឋានជួសជុលរថយន្តមួយនេះ មានចេញផ្សែងហ៊ុយៗ និងមានភ្លើងឆាបឆេះយ៉ាងខ្លាំង។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះរួចមក សមត្ថកិច្ចបានធ្វើការទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ អោយចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

សូមបញ្ជាក់ផងដែរ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺដោយសារតែឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃខែដដែរ ដោយប្រើប្រាស់រថយន្តពន្លត់សរុបទាំងអស់ចំនួន ៥គ្រឿង ដោយក្នុងនោះ សមត្ថកិច្ចយើងបានបាញ់ពន្លត់អស់ចំនួន ២គ្រឿង ទើបអគ្គិភ័យនេះ មិនបណ្ដាលឲ្យឆាបឆេះដល់ផ្ទះដែលជាប់គ្នា៕អរុណរះ

4 1 2 3


ចែករំលែក៖