ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូទៅបុកសត្វគោដើរឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូបោះពួយយ៉ាងលឿនបុកសត្វគោដើរឆ្លងផ្លូវ កាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះស្ពានលេខ១៨-១៩ ខាងមុខក្លោងទ្វារវត្តជ្រុងថ្ម ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា យុវជនស្លាប់បាត់បង់ជីវិតនោះឈ្មោះ ណាក់ រាជ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1BA-0344 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនមិនពាក់មួកការពារសុវត្ថិភាព ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកសត្វគោដើរឆ្លងផ្លូវពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេចនៅហ្នឹងកន្លែងកើតហេតុតែម្តង ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះ និងសត្វគោត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដឹកយកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

as-4 as as-1 as-2 as-3


ចែករំលែក៖