ខេត្តកំពង់ធំ៖ មានហេតុការបង្កឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ជាប់ផ្លូវអាស៊ានថ្មី ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
អ្នកស្រី ណារ៉េន អាយុ២១ឆ្នាំ ប្តីឈ្មោះ វុន សារិទ្ធ អាយុ២៦ឆ្នាំ ដែលជាម្ចាស់ទូវីងដូរលុយបានឱ្យដឹងថា: មុនពេលកើតហេតុ អ្នកស្រីបានវេរលុយ និងលក់កាតទូរស័ព្ទជាធម្មតា លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យពីរនាក់ជិះម៉ូតូឌ្រីម សង់ សេ១២៥ មួយគ្រឿង ពណ៍ខ្មៅ មិនចាំស្លាកលេខ មកឈប់ទិញកាតទូរស័ព្ទ ។
អ្នកស្រីម្ចាស់វីងបានបន្តទៀតថា ជនសង្ស័យបាននិយាយថា សុំយកកាតមកឲ្យខ្ញុំផង ខ្ញុំចុះពីលើម៉ូតូមិនរួចទេ អ្នកលក់ដោយឃើញថា អ្នកទិញឈឺជើងចុះពីលើម៉ូតូមិនរួច ក៏យកកាតទូរស័ព្ទទៅឱ្យ ឆ្លៀតឱកាសក្នុងមួយប៉ព្រិចភ្នែក បក្ខពួកជនសង្ស័យម្នាក់ទៀត ក៏ចូលទៅយកលុយខ្មែរ និងលុយដុល្លារសរុបអស់ប្រមាណ២ពាន់ដុល្លារ រួចពួកគេទាំងពីរនាក់ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ កម្លាំងនគរបាល និងអាវុធហត្ថស្រុកបារាយណ៍ចុះឆែកឆេរអ្នកដំណើរគ្រប់ ច្រកល្ហកដើម្បីស្ទាក់ចាប់ជនសង្ស័យទាំង២នាក់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី