ខេត្តកំពង់ធំ៖ កាលពីល្ងាចវេលាម៉ោង៥និង៣០នាទីល្ងាច នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២,៥ តោន បើកបុកម៉ូតូក្នុងទឹសដៅស្របគ្នានៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ភូមិ ត្រពាំងសាលា ឃុំ ឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្ដាលអោយជនរងគ្រោះបាក់ជើងស្ដាំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថា មូលហេតុ អ្នកបើកបរម៉ូតូ បើកមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបររថយន្ត បើកជែងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ព្រោះមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ២,៥ តោន ពណ៌ស ផ្លាកលេខ ភ្នំពេញ 3A.7415 បើកបរដោយឈ្មោះ កែវ វិជាតិ ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបើករថយន្ដបុកម៉ូតូពីក្រោយក្នុងទឹសដៅស្របគ្នា ជាមួយម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ លេង ឡាញ់ ភេទប្រុស អាយុ ៥៥ ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ (របួសធ្ងន់ បាក់កជើងស្តាំ)(មិនពាក់មួកសុវត្ថិភាព) ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ករណីនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់រថយន្ដនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ និងកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី