ខេត្តស្ទឹងត្រែង ៖ ឧកញ៉ា ដែលមានឈ្មោះល្បីរងការរិះគន់ពីប្រជាពលរដ្ឋ ទឹកដីស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង ក្នុងករណីបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើបំផ្លាញផ្លូវ គឺឧកញ៉ា អ៊ុកគឹម សាន បច្ចុប្បន្នចាប់ផ្តើមចេញមុខសាជាថ្មី ដឹកជញ្ជូនឈើប្រណីតបន្ទាប់ពីផ្លូវពីស្រុកសៀម ប៉ាងមកចំណុចផ្លូវបំបែកដុំក្រឡ ត្រូវបានជួសជុលរួចរាល់ ។
មកទល់នឹងពេលនេះ យ៉ាងតិចមានរថយន្តយីឌុប ប្រភេទធំៗជាង៣០គ្រឿង បានដឹកឈើ ប្រណីតធ្នង់ចេញពីឃ្លាំងវាយថ្មរបស់ឧកញ៉ាអ៊ុកគឹមសាន។ ករណីនេះ ត្រូវបានបែកធ្លាយថា រថយន្តដឹកឈើជាង៣០គ្រឿងនេះ គឺមានចំនួន៩គ្រឿងគ្មានប៉េសេ(លោតឆត្រ) ខណៈត្រូវរ៉ូវ គ្នា រវាងក្រុមហ៊ុននិងរដ្ឋបាលព្រៃឈើខេត្ត ។ នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រថយន្តយីឌុប បានដឹកចេញពីតំបន់ឃ្លាំងវាយថ្មចំនួន១២គ្រឿង តាមសកម្មភាពសម្រុកបំផុតដើម្បីបន្លំដឹក ចេញ ជ្រកតាមរូបភាពកាត់ប៉េសេ ។
លោក លាង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់តាម ទូរស័ព្ទនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ថា «នៅចំណុចឃ្លាំងវាយថ្មនេះ គឺមានច្បាប់កាត់ប៉េសេ ជាង២០០០ម៉ែត្រគូប ដែលត្រូវដឹកយកទៅកាន់ខេត្តកណ្តាល និងខេត្តផ្សេងទៀត» ។ ចំពេះ ករណីថាមានលេចឮខាងឧកញ៉ា អ៊ុក គឹមសាន ដឹកឈើប្រណីតធ្នង់ កាច់ចង្កេះ ឆ្លងទៅវៀត ណាម តាមខេត្តព្រៃវែង និងស្វាយរៀង ។ លោក ប្រធានមន្ទីរបានបញ្ជាក់ថា «នេះជារឿងតម្រូវ ការទៅផ្សាររបស់គេ ដឹកទៅអាចយកលក់កន្លែងណាក៏បាន » ។
ដោយឡែកលោក មាស ផុន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានឲ្យដឹងថា «បញ្ហា ដឹកឈើនៅចំណុចវាយថ្មរបស់ឧកញ៉ា អ៊ុក គឹមសាន ខ្ញុំបានធ្វើសន្និសីទ្ធកាសែតប្រាប់អស់ ហើយឲ្យអ្នកកាសែតបានដឹង ។ ដូច្នេះ រឿងទាំងអស់នេះកុំនាំគ្នាសួរច្រើនពេក ព្រោះខ្ញុំគ្មាន ពេលឯណាសម្រាប់ឆ្លើយប្រាប់ពួកលោកទេ! ដោយសារការងារខ្ញុំច្រើនណាស់» ។
ពាក់ព័ន្ធទៅនឹងករណីក្រុមឈ្មួញកំពុងជ្រួលច្របល់ និងត្រេកអរគ្រប់ៗគ្នាថា ឧកញ៉ា អ៊ុក គឹម សាន កំពុងកេណ្ឌប្រមូលអតីតអ្នករកស៊ីឈើ ដឹកឈើមកដាក់នៅក្នុងឃ្លាំងវាយថ្មបន្តទៀត គាត់មានសិទ្ធិចាំប្រមូលទិញ ទាំងមិនមានព្រៃសម្បទាននៅស្រុកសៀមប៉ាងនេះ ត្រូវបាននាយ ខណ្ឌរដ្ឋបាលព្រៃឈើ លោក មាស ផុន បញ្ជាក់ថា «គ្មានករណីនេះកើតមានទេ ម្យ៉ាងទៀតខ្ញុំ មានកម្លាំងនិងមន្ត្រីជំនាញចាំមើល ចាំកត់នៅកន្លែងឃ្លាំងវាយថ្មនោះអស់ហើយ ។ លោក លាង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ផងដែរថា «បើមានករណីឧកញ៉ា អ៊ុក គឹមសាន ដឹកឈើចូលឃ្លាំងនេះមាន ខ្ញុំនឹងមានវិធានការណ៍ និងសំណូមពរឲ្យខាងអ្នក កាសែត ក៏ដូចជាស្ថាប័នពាក់ព័ន្ធ មេត្តាជួយផ្តល់ព័ត៌មាននេះផង ដើម្បីឈានដល់ការបង្ក្រាប ហើយខ្ញុំក៏ត្រូវផ្តល់រង្វាន់លើកទឹកចិត្តផងដែរ» ។
គេបានរាយការណ៍មកថា ឧកញ៉ា អ៊ុក គឹមសាន ដឹកជញ្ជូនឈើប្រណីត ធ្នង់ចេញពីឃ្លាំងវាយ ថ្ម ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប៉េសេត្រឹមត្រូវ និងយកមកស្តុកទុកនៅ ចំណុចព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ប៉ុន្តែករណីនេះ គ្រាន់តែជារូបភាពធ្វើ បន្លំប៉ុណ្ណោះ ។ ខណៈរាល់ការដឹកជញ្ជូនពីស្រុកសៀមប៉ាងមកនោះ គឺកាច់ចង្កេះ មិនបានចូល ក្នុងឃ្លាំងស្របច្បាប់ បែរជាបន្លំដឹកបន្តទៅកាន់ខេត្តព្រៃវែង , ស្វាយរៀង ឆ្លងទៅវៀតណាមនិង មានការទម្លាយឲ្យដឹងទៀតថា គ្រាន់តែដឹកឈើជាង៣០ឡានយីឌុប មាន៩គ្រឿង គ្មានប៉េសេ ព្រមទាំងប្រើរូបភាពបន្លំទៀត ត្រង់ថាដឹកពីចំណុចឃ្លាំងវាយថ្ម ស្រុកសៀមប៉ាង ចូលទឹកដី ខេត្តស្ទឹងត្រែងបែរជាបង្វែទិសដៅទៅកាន់ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងចូលខេត្តកំពង់ចាម ខេត្តកណ្តាល ដើម្បីកាច់ចង្កេះទៅវៀតណាម ផ្ទុយពីលិខិតអនុញ្ញាត(ប៉េសេ) ។
នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រថយន្តយីឌុបដឹកឈើប្រណីតធ្នង់ចេញពីឃ្លាំងវាយថ្ម មិន ត្រឹមតែមានការបើកភ្លើងខៀវពីអាជ្ញាធរ សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើប៉ុណ្ណោះទេ បន្ទាប់ពីកាត់ប៉េសេនោះ រូបភាពនាយប់នោះផងដែរ ក៏មានការបន្លំរថយន្តធំមួយគ្រឿងមក តាមឡានខ្សែកាត់ប៉េសេនេះ កាច់ចង្កេះទៅចំណុចស្រែពក ព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹង ត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ។ អ្នកធ្វើសកម្មភាពបន្លំដឹកឈើប្រណីតចេញពីចំណុច ឃ្លាំងវាយថ្ម ដើម្បីកាច់ចង្កេះ ជ្រកក្រោមប៉េសេឧកញ៉ា អ៊ុក គឹមសាន គឺមានឈ្មោះ ណែម ត្រូវ ជាប្អូនឧកញ៉ា អ៊ុក គឹមសាន និងឈ្មោះ ផល្លី ត្រូវជាឪពុកមា ។
មហាជនរិះគន់ថា ក្រុមទាំងអស់នេះ មិនទាន់បោះបង់ចោលនៅឡើយទេ នូវគំនិតទុច្ចរិតក្នុង ការរកស៊ីឈើប្រណីតល្មើសច្បាប់ បន្លំជាមួយនឹងច្បាប់កាត់ប៉េសេ ។ ដូច្នេះ សមត្ថកិច្ចអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ គួរមានវិធានការណ៍ពង្រឹងនីតិវិធី ការងាររបស់ខ្លួន ដើម្បីចូលរួម អនុវត្តទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល លើយន្តការបង្ក្រាបបទល្មើសព្រៃឈើ ។
ប្រជាពលរដ្ឋនិយាយថា ក្រុមអ្នករកស៊ីឈើល្មើសច្បាប់ ភាគច្រើនគឺជាអ្នកមានអំណាច និង ឧកញ៉ាមិនថ្លៃថ្នូរខ្លះ ចូលចិត្តបង្កើតឲ្យមានអំពើល្មើសនេះ ៕ សុខខេមរា