ខ្សែប្រយុទ្ធCristiano Ronaldoរបស់ក្លិបReal Madrid បានទទួលពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០១៦មួយទៀតក្នុងកម្មវិធីGlobe Soccer Awardsដែលធ្វើឡើងនៅក្នុងទីក្រុងឌូបៃប្រទេស អារ៉ាប់រួម។
កីឡាករCristiano Ronaldoទទួលបានពានរង្វាន់នេះ ដោយសារតែគាត់បានជួយក្រុមជម្រើស ជាតិព័រទុយហ្គាល់ឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦ ហើយជួយReal Madridឈ្នះជើងឯកChampions Leagueជាលើកទី១១ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។
Ronaldoដែលទើបតែទទួលពានរង្វាន់Ballon d’Orជាលើកទី៤របស់ខ្លួនមិនបានទៅទទួល ពានរង្វាន់នៅក្នុងទីក្រុងឌូប៊ៃផ្ទាល់នោះទេ ប៉ុន្តែគាត់បាននិយាយតាមរយះវីដេអូ ថា “មនុស្សរាល់គ្នានៅ តែមានមន្ទិលសង្ស័យអំពីខ្ញុំ ក្លិបReal Madrid និងជម្រើសជាតិព័រទុយហ្គាល់។ ពេលនេះពួកបានឃើញ ច្បាស់ហើយថាយើងបានឈ្នះពានរង្វាន់ទាំងអស់។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។”
ចំណែកលោកគ្រូបង្វឹកវ័យ៦២ឆ្នាំSantosត្រូវបានជ្រើសរើស ជាគ្រូបង្វឹកល្អប្រចាំពានរង្វាន់Globe Soccer Awardsក្រោយដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦នៅប្រទេស បារាំង។ លោកUnai Emeryគ្រូបង្វឹកក្រុមParis Saint-Germainក៏ទទួលបានរង្វានកិត្តិយសផងដែរ ដោយគាត់បានដឹកនាំក្រុមSevillaឈ្នះជើងឯកEuropa Leagueបីសម័យជាប់គ្នា។ ក្លិបReal Madridត្រូវ បានជ្រើសរើសជាក្លិបល្អផ្តាច់គេក្នុងឆ្នាំ២០១៦ ហើយលោកFlorentino Perezជាអ្នកឡើងទៅទទួល ពានរង្វាន់ ៕ ដេវីត