ព័ត៌មានទាន់ហេតុការណ៍៖

លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយសរសើរលើកិច្ចសហ​ប្រតិបត្តិការដ៏ល្អជាមួយទីក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូសាលារាជធានីភ្នំពេញ បាននិវត្តន៍មកដល់រាជធានីភ្នំពេញ វិញហើយតាមការគ្រោងទុកបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បន្ទាប់ពី

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ធ្វើទស្សនកិច្ចនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការ៤ថ្ងៃនៅទីក្រុងហាណូយរួច ។

ដំណើរទស្សនកិច្ចនោះ លោកប៉ា សុជាតិវង្ស ក៍ បានជួបសំណេះសំណាលជាមួយ លោកHoang Trung Hai លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ។ នាឱកាសនោះ លោកក៍បានលើកឡើងពីសកម្មភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ព័ន្ធភាពនឹងគ្នាលើការជួយគ្នាទៅវិញទៅមកលើច្រើនវិស័យពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងមនុស្សធម៌ជាដើម។ លោកអភិបាលក៏បានលើកឡើងពីសភាពការណ៍ដ៏ល្អប្រសើរនៅរាជធានីភ្នំពេញពីសុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខធ្វើឲ្យយើងមានឱកាសក្នុងការអភិវឌ្ឍទីក្រុង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានទៅឈ្មោះបោះឆ្នោត បានរួចរាល់ហើយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៤៨គណបក្ស។

លោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងពីផែនការអភិវឌ្ឍរាជធានីភ្នំពេញ ទៅលើការរៀបចំកែលម្អប្រព័ន្ធចរាចរ ការស្ថាបនា និងជួសជុលផ្លូវ ប្រព័ន្ធលូ ការបង្ខិតសេវាសាធារណៈទៅជិតប្រជាពលរដ្ឋ ការបង្កើតច្រកចេញចូលតែមួយ ក៏ដូចជំរុញការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជាដើម។

លោកHoang Trung Hai ក៏បានជម្រាបលោកប៉ា សុជាតិវង្ស ពីដំណើរការអភិវឌ្ឍទីក្រុងហាណូយ ជាទីក្រុងដេលមានប្រជាជនប្រកបរបរកសិកម្មប្រមាណ៥៥ភាគរយ ។ ជាទិសដៅខាងរដ្ឋបាលក្រុងចង់បង្វែរពីការងារកសិកម្មឲ្យទៅជាឧស្សាហកម្ម ឬកសិឧស្សាហកម្មវិញ។ តែការងារនេះ ត្រូវចំណាយខ្ពស់ធ្វើឲ្យវិនិយោគមានការរុញរាខ្លះ។ លោកបានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការក្នុងនាមជាទីកុ្រងសម្ព័ន្ធភាពហាណូយភ្នំពេញ ដែលបានទទួលផ្លែផ្កាជាប្រយោជន៍សម្រាប់ការអភិវឌ្ឍទីក្រុងទាំងពីរ និងគាំទ្រឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

នៅរសៀលថ្ងៃទី២៧ធ្នូ គណៈប្រតិភូសាលារាជធានីភ្នំពេញ ក៏បានអញ្ជើញទៅទស្សនាសារមន្ទីរទីក្រុងហាណូយដែលបានសាងសង់តាំងពីឆ្នាំ២០១០ ដោយមានការដាក់តាំងផ្ទាំងគំនូរ និងចម្លាក់ផ្សេងៗដេលមានអាយុកាលរាប់ពាន់ឆ្នាំដែលបង្ហាញពីប្រវត្តិសាស្រ្តបុរាណក៏សម្បូរបែបនៃទីក្រុងហាណូយសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់។

លោកប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរចំពោះការរៀបចំសារមន្ទីរនេះ ដែលមានរបៀបរៀបរយល្អ។ លោកអភិបាល បានលើកឡើងផងដែរ ពីគំរាមកំហែងសាងសង់សាលាវិចិត្រសិល្បៈដ៏ធំមួយនៅត្រើយខាងកើតទន្លេសាបរាជធានីភ្នំពេញដែលជាគ្រឹះនៃការថែរក្សាអភិរក្សនិងបណ្តុះបណ្តាលវប្បធម៌ ប្រពៃណីជាតិប្រកបដោយស្តង់ដារច្បាស់លាស់។ ជាមួយគ្នានេះដែរ គណៈប្រតិភូរាជធានីភ្នំពេញក៏បានអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យនយោបាយជាតិហូជីមិញ ដែលជាសកលវិទ្យាល័យតែមួយគត់បានបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ និងមន្រ្តីទូទៅមុខចូលកាន់តំណែង ឬបំពេញមុខងាររបស់ខ្លួន។ លោកប៉ា សុជាតិវង្ស ក៏បានលើកឡើងពីគម្រោងដែលក្រសួងមហាផ្ទៃសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីសាងសង់សាលាបណ្តុះបណ្តាលមន្រ្តី ធ្វើវិក្រឹតការមន្រ្តីលើវិស័យនយោបាយ ការដឹកនាំ និងអភិបាលកិច្ចល្អជាដើមប្រកបដោយឧត្តមគតិខ្ពស់ ៕ សំរិត

image10 image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖