ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ និងផលិតករល្បីៗចូលរួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស ស្រីល្បីឈ្មោះ និងផលិតករឆ្នើមជាច្រើនរូប បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies Of The Year 2016) ដែលរៀបចំឡើង ដោយរោងភាពយន្តលេជេន។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែធ្នុ ឆ្នាំ២០១៦ នៅក្នុងបរិវេណផ្សារទំនើប TK Avenue។

ព្រឹត្តិការណ៍ខាងលើ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកចូលរួម ព្រោះតែវាប្រមូលផ្តុំដោយតារាសម្តែង និងផលិតករមានឈ្មោះល្បីក្នុងវិស័យភាពយន្តខ្មែរ។ ក្រៅពីផលិតករ និងតារាសម្តែង ក៏មានវត្តមានក្រុមរាំ និងតារាចម្រៀងល្បីឈ្មោះជាច្រើនចូលរួមបង្កើតឲ្យមានទស្សនីយភាពរីករាយសម្រាប់អ្នកចូលរួម ។

អ្នកស្រីគីវ ឆវ៉េត នាយកប្រតិបត្តិប្រចាំរោងភាពយន្តលេជេន បានមានប្រសាសន៍ថា គុណភាពភាពយន្តខ្មែរ មានការរីកចម្រើនគួរកត់សម្គាល់ ហើយនៅតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនក្នុងស្រុក។ លោកស្រីបញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦នេះ គឺជាការបង្ហាញឆន្ទៈក្នុងការចូលរួមលើកទឹកចិត្តដល់សិល្បករផលិតករនិងគាំទ្រវិស័យភាពយន្តនៅកម្ពុជា។ លោកស្រីរំពឹងដែរថា ព្រឹត្តិការណ៍ដូចគ្នានេះនឹងត្រូវរៀបចំធ្វើឡើងបន្តទៀតសម្រាប់ឆ្នាំក្រោយៗទៀតផងដែរ ។

លោកប៉ុល វិបូ ចាងហ្វាងផលិតកម្មAngkor Picture បានបញ្ជាក់កម្មវិធីភាពយន្តប្រចាំឆ្នាំ២០១៦ ដែលបង្កើតឡើងដោយរោងភាពយន្តលេជេននៅពេលនេះ ក៏បានចូលរួមចំណែកនិងបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់ភាពយន្តខ្មែរដែលឆ្លងកាត់ការបោះឆ្នោតកន្លងមកភាពយន្តខ្មែរ ក៏ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនច្រើនរហូតទទួលបានពានរង្វាន់ជាភាពយន្តឆ្នើមប្រចាំឆ្នាំដែលមានទាំងប្រជាប្រិយភាពនិងអាចបានប្រាក់ចំណូលខ្ពស់ប្រចាំឆ្នាំជាដើម ។

ផលិតករវ័យក្មេង លោកចាន់ ណារ៉ូណាន់ ដែលធ្វើឲ្យកក្រើកភាពយន្តខ្មែរតាមរយៈការផលិតរឿង«កំណត់ហេតុនាងនាថ»បានបញ្ជាក់ថា លោកពិតជាមានមោទនភាពគ្រា ដែលទទួលបានការគាំទ្រច្រើនលើសលប់ មិននឹកស្មានដល់ពីទស្សនិកជន។ ក្រៅពីចំណុចខ្លាំងភាពយន្តខ្មែរក៏នៅមានចំណុចខ្វះខាតមួយចំនួនទៀតដើម្បីបន្តការសិក្សា និងកែលម្អដើម្បីឈានទៅរកវាយលុកទីផ្សារទាំងក្នុងនិងក្រៅស្រុកហើយលោករំពឹងថា ភាពយន្តខ្មែរនឹងកាន់តែរីកចម្រើនខ្លាំងទៀតសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ ។ លោកក៏រំពឹងដែរថាព្រឹត្តិការណ៍ដូចគ្នានេះ នឹងបន្តកើតមានឡើងសម្រាប់ឆ្នាំក្រោយផងដែរ ។

ក្រៅពីព្រឹត្តិការណ៍នៃការច្រៀង រាំ និងបង្ហាញផ្ទាំងទស្សនីយភាពរបស់បណ្តាផលិតកម្មល្បីឈ្មោះនោះ ក៏មានកម្មវិធីប្រគល់ជូនដល់សិល្បករផលិតករ នូវ បណ្ណសរសើរ សម្រាប់លើកទឹកចិត្តដល់ពួកគេក្នុងការរួចចំណែកឲ្យភាពយន្តខ្មែរទទួលបានប្រជាប្រិយភាព និងការរីកចម្រើនកម្លងមក៕ វឌ្ឍនា

img_0358 img_0384 img_0397 img_0412 img_0426 img_0441 img_0453 img_0474 img_0483 img_0669


ចែករំលែក៖