ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគោយន្តពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបើកបុកគោយន្តកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នា។ ក្រោយកើតហេតុ តៃកុងគោយន្តកន្ត្រៃបានចុះរត់គេចខ្លួនបាត់ស្រមោលចេញពីកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់នេះបានកើតមានឡើងនៅម៉ោង១៩និង១៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើដងផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ១៩០ និងលេខ១៩១ ភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១E ៣៨១៤ ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ រឿន រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ទីលំនៅ ភូមិវាលធំឃុំវាលរេញស្រុកព្រៃនប់ មកដល់ចំណុចកើតហេតុ បានបុកពីក្រោយគោយន្តកន្ត្រៃមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូ និងគោយន្តបើុងធ្លាក់ចិញ្ចើមថ្នល់។

ប្រភពបន្តថា ក្រោយកើតហេតុ ដោយសារភាគីអ្នកបើកម៉ូតូរងរបួសធ្ងន់សន្លប់បាត់ស្មារតីនោះ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ។ បច្ចុប្បន្នវត្ថុតាងបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed


ចែករំលែក៖