ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាបញ្ជី​តុលាការ​កំពូល​មួយ​រូប​ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ មាន​«ភ័ព្វសំណាង​»​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​

ចែករំលែក៖

ភ្នំពេញ: លោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូលមួយរូប ដែលប្រព្រឹត្តអំពើពុករលួយនិងរំលោភអំណាច នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

អនុរក្សពន្ធនាគារ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជូនលោក វ៉ាត ពិសិដ្ឋ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះបទល្មើស “វិតិក្រមនិងបទរំលោភអំណាច តាមមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣២ និងមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ។

ក្រោយការសួរដេញដោល លោកចៅក្រម ថាន់ ឡេង បានប្រកាសសាលក្រមភ្លាមៗផ្តន្ទាទោសលោក វ៉ាត ពិសិដ្ឋ ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំតែអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ៥ខែប៉ុណ្ណោះ និងសងប្រាក់ដើមបណ្ដឹងចំនួន៦ពាន់ដុល្លារអាមេរិក ។

យោងតាមការសម្រេចនេះ លោក វ៉ាត ពិសិដ្ឋ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពីល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦បានសម្រេចឃុំខ្លួន លោក វ៉ាត ពិសិដ្ឋ ដាក់ពន្ធនាគារបណ្តោះអាសន្ន។

លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការបំពេញការងារ។ ក្រឡាបញ្ជីតុលាការកំពូលរូបនេះ ទើបនឹងផ្លាស់មកពីខេត្តប៉ៃលិន ៕ចេស្តា

e t


ចែករំលែក៖