អាមេរិកបានចុះកិច្ចព្រមព្រៀងលក់អាវុធ មានតម្លៃរហូតដល់ទៅ៤០,២ពាន់លានដុល្លារ ដល់បណ្តាលប្រទេសជុំវិញពិភពលោក ស្មើនឹងពាក់កណ្តាលនៃតម្លៃលក់អាវុធ លើពិភពលោកទាំងមូល ដែលមានតែ ៨០ពាន់លានដុល្លារតែប៉ុណ្ណោះ ។
សារព័ត៌មាន The new York Times បានដកស្រង់ប្រភពព័ត៌មានពីអង្គការស្រាវជ្រាវរបស់សភាអាមេរិក CRS បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ អាមេរិកបានចុះកិច្ចព្រមព្រៀងលក់អាវុធមានតម្លៃរហូតដល់ទៅ ៤០,២ពាន់លានដុល្លារ ឈរលំដាប់ទីមួយ លើពិភពលោកក្នុងបញ្ជីប្រទេសលក់អាវុធទៅក្រៅច្រើនបំផុត ។
ប្រទេសដែលផលិតអាវុធ និងលក់ទៅក្រៅច្រើន បន្ទាប់ពីអាមេរិកមានប្រទេសបារាំង រុស្ស៊ី និងចិន ។ ចំណែករុស្ស៊ីបានលក់អាវុធទៅក្រៅមានតម្លៃប្រមាណ១១,១ពាន់លានដុល្លារ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អាវុធដល់ទៅ៨១ភាគរយ ស្មើ៦៥ពាន់លានដុល្លារ លក់ទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ស្ថិតនៅតំបន់អឺរ៉ុបខាងកើត ដែលមានវិវាទជាមួយរុស្ស៊ី នឹងតំបន់អាស៊ី។
ចំណែកប្រទេសដែលទិញអាវុធច្រើនជាងគេនោះ គឺអារ៉ាប៊ីសាអូឌិត និងឥណ្ឌា ដើម្បីពង្រឹងសម្ថភាពការពារអធិបតេយ្យរបស់ខ្លួន៕ ម៉ែវ សាធី