កីឡាករខ្សែប្រយុទ្ធប្រធានក្រុមរបស់ក្លិបបិសាចក្រហម Manchester United និងជាកីឡាករជម្រើសជាតិអង់គ្លេស Wayne Rooney ត្រូវបានក្លិបធំ២នៅប្រទេសចិនគឺក្លិប Guangzhou Evergrande Taobao និងក្លិប Beijing Guoan បានដាក់សំណើដេញថៃ្លក្នុងការទិញរូបគេ ។ ការដាក់សំណើដេញថ្លៃនេះគឺបន្ទាប់ពីក្លិប Shanghai SIPG ដែលស្ថិតក្នុងលីគកំពូលប្រទេសចិន ទិញបានជាផ្លូវការកីឡាករជម្រើសជាតិប្រេស៊ីល Oscar ពីក្លិបតោខៀវ Chelsea កាលពីសប្ដាហ៍មុនរួចមក ។
កីឡាករ Wayne Rooney ក្នុងរដូវកាលនេះមិនសូវជាប់ជម្រើសដំបូងប៉ុន្មានឡើយ ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្រោយបង្ហាញទម្រង់លេងមិនសូវល្អ ដែលធើ្វឲ្យមានពាក្យចចាមអារ៉ាមនានាទាក់ទងនឹងអនាគតរបស់គេនៅក្លិបបិសាចក្រហម Manchester United។
យោងតាមការចុះផ្សាយរបស់កាសែតបរទេសបានឲ្យដឹងថា តម្លៃខ្លួនរបស់កីឡាករ Wayne Rooney អាចនឹងមានតម្លៃប្រមាណ១០លានផោន ខណៈដែលកុងត្រារបស់គេនៅ Man Utd គឺបន្តរហូតដល់ឆ្នាំ២០១៩ ។ ប៉ុន្ដែបើសិនជារូបគេសម្រេចផ្ទេរទៅមែននោះ រូបគេនឹងក្លាយជាកីឡាករដែលមានថៃ្លឈ្នួលច្រើនជាងគេបង្អស់លើលោក ពោលគឺទាំងក្លិប Guangzhou Evergrande Taobao និង Beijing Guoan ហ៊ានឲ្យថៃ្លប្រចាំសប្ដាហ៍រហូតដល់ទៅ៧០ ម៉ឺផោន (ស្មើនឹង៨៦ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ឯណោះ ។
សូមបញ្ជាក់ថា ក្លិបជាច្រើននៅក្នុងប្រទេសចិន កំពុងតែពង្រឹងខ្លួនយ៉ាងខ្លាំងដើម្បីអភិវឌ្ឍវិស័យបាល់ទាត់ក្នុងប្រទេសរបស់គេ ដោយហ៊ានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញតារាឆ្នើមពីក្លិបល្បីៗនៅក្នុងលីគកំពូលៗរបស់ពិភពលោក។ កាលពីសប្ដាហ៍មុនក្លិប Shangai SIPG ទើបតែទិញបានខ្សែបម្រើជម្រើសជាតិប្រេស៊ីលពីក្លិប Chelsea កីឡាករ Oscar ក្នុងតម្លៃ៦០លានផោន ដោយឲ្យថៃ្លឈ្នួលក្នុង១សប្ដាហ៍រហូតដល់ទៅ៥០ម៉ឺនផោនឯណោះ ៕ ដេវីត