ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារដើមអម្ពិលចាក់ទំនិញចោលក្រោយពីអាជ្ញាធរមិនព្រមឲ្យលក់នៅលើចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ការសម្រេចចិត្តចាក់ទំនិញចោលពាសពេញដីពីសំណាក់អាជីវករលក់ដូរនៅផ្សារដើមអម្ពិលជាច្រើននាក់ក្នុង គោលបំណងប្រឆាំងនឹងសមត្ថកិច្ចខណៈអាជ្ញាធរខណ្ឌសែនសុខបានចេញបញ្ជា មិនអនុញ្ញាតឲ្យពួកគាត់លក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ ។

ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង១៦និង៥០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្សារដើមអំពិលផ្ទាល់តែម្តងដែលមានទីតាំងនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ប្ញទ្ធី ភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រុមអាជីវករប្រាប់ឲ្យដឹងថា ពួកគាត់ធ្លាប់លក់ដូរនៅលើចិញ្ចើមផ្លូវក្បែរផ្សារដើមអម្ពិលនេះជាយូរឆ្នាំមកហើយមិនដែលមានបញ្ហានោះទេ ទើបតែរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ស្រាប់តែអាជ្ញាធរ ខណ្ឌសែនសុខមានទាំងអាវុធហត្ថមូល ដ្ឋានខណ្ឌនគរបាលខណ្ឌប៉ុស្តិ៍និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌជាច្រើននាក់ មានរថយន្តពីរបីគ្រឿងបានមកដេញពួកគាត់មិនឲ្យលក់ដូរ ទើបធ្វើឲ្យពួកគាត់ជា អាជីវករជាច្រើននាក់ ដែលធ្លាប់លក់ដូររាប់ឆ្នាំមកហើយនោះផ្ទុះការតវ៉ារហូតហ៊ាន ចាក់ទំនិញចោលលើផ្លូវបែបនេះ ។

ក្រុមអាជីវករប្រាប់បន្តឲ្យដឹងថាពួកគាត់សព្វថ្ងៃនេះគឺនាំគ្នាលក់បន្លែបង្ការ សាច់ ជ្រូក សាច់គោ និងទំនិញផ្សេងទៀតនៅ លើចិញ្ចើមផ្លូវសាធារណៈមែនប៉ុន្តែលក់នៅលើចិញ្ចើមផ្លូវតែមួយភាគបី ប៉ុណ្ណោះ មិនប៉ះពាល់នៅលើចិញ្ចើមផ្លូវធំដុំនោះឡើយហេតុអ្វីបានជាអាជ្ញាធរខណ្ឌសែនសុខមានទាំងអាវុធហត្ថមូលដ្ឋានខណ្ឌនគរបាល ខណ្ឌប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌជាច្រើននាក់ ចុះមកចាប់ទំនិញរបស់ពួកគាត់យ៉ាងដូច្នេះទើបពួកគាត់ទាំងអស់គ្នាផ្ទុះការតវ៉ារហូតហ៊ានចាក់ទំនិញចោលលើផ្លូវយ៉ាងនេះ ។

ទោះបីយ៉ាងនេះក្តីបងប្អូនអាជីវករទាំងអស់សូមសំណូមពរយ៉ាងទទូចទៅដល់ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខមេត្តាអនុញ្ញាតឲ្យពួកគាត់បានលក់បន្តទៀត ដោយពួកគាត់សន្យាលក់ដូរទំនិញមិនឲ្យប៉ះពាល់ទៅទ្រូងផ្លូវនោះទេដោយលក់ដូរនៅលើចិញ្ចើមផ្លូវតែមួយភាគបីប៉ុណ្ណោះ ៕ ហេង នរិន្ទ្រ

ses-2 ses ses-1


ចែករំលែក៖