ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល:បុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសក្នុងករណីគ្រោះចរាចរ២កន្លែងផ្សេងគ្នាលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ។

ករណីទី១: នៅវេលាម៉ោង៧,២០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិសំរោងក្អែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1D-0216 មានឈ្មោះម៉ៃ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត មានទីលំនៅឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

រថយន្តបង្កម៉ាកជាប្រភេទរថយន្តស្ទូច ពាក់ស្លាកលេខ 7344 ភព3 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

តាមសាក្សីដែលឃើញហេតុការបានអោយដឹងថា មុនពេលគ្រោះថ្នាក់ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងទិសដៅពីអ្នកលឿងទៅភ្នំពេញ ស្របទិសគ្នាជាមួយរថយន្ត មកដល់ចំនុចកើតហេតុស្រាប់តែអ្នកបើកបររថយន្តបានបត់ឆ្លងដោយខ្វះការប្រុងប្រយ័ត្ន គ្រានោះជនរងគ្រោះបើកម៉ូតូមកដល់ជាន់ហ្វ្រាំងមិនទាន់ព្រោះនៅកៀកពេកក៍ជ្រុលទៅបុកចំពីក្រោយរថយន្តបណ្តាលអោយបោកក្បាលស្លាប់នៅកន្លែងកើត ហេតុតែម្តង ដោយឡែកអ្នក បើកបររថយន្តរត់គេចខ្លួនបាត់ ។

ករណីទី២: នៅវេលាម៉ោង៧,១០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ មួយទៀតបានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បណ្តាលអោយរងរបួស២នាក់ ប្រុសម្នាក់ ក្មេងស្រីសិស្សសាលាម្នាក់ ។

ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1CF-0998 មានឈ្មោះហែម បឿន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ រងរបួសធ្ងន់ ។

ជនរងគ្រោះម្នាក់ទៀតមានឈ្មោះណាន ស៊ីនិច្ច ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សសាលា មានទីនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកស្កូពី ពាក់ស្លាកលេខ ភ្នំពេញ1GA-2914 ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលគ្រោះថ្នាក់ម៉ូតូទាំង២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញ ដោយម៉ូតូ១២៥បើកនៅខាងមុខ មកដល់ចំនុចកើតហេតុស្រាប់តែអ្នកបើកបរម៉ូតូ១២៥បត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្តាលអោយក្មេងស្រីសិស្សសាលាបើកម៉ូតូស្កូពីជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូ១២៥ចំពាក់កណ្តាល បណ្តាលអោយរងរបួសទាំងអស់គ្នា ។

លោកព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មធ្យោបាយពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរទាំង២លើកនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាុរួចហើយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ករណីគ្រោះថ្នាក់ចរាចរទាំង២លើកនេះគឺបង្កឡើងដោយការបើកបរបត់ឆ្លងផ្លូវមិនប្រយ័ត្ន ៕សណ្តោស

h3 h1 h1_1 h1_2 h2


ចែករំលែក៖