ព័ត៌មានទាន់ហេតុការណ៍៖

ឆេះបន្ទប់ជួល២០បន្ទប់ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់របយសមនុស្សពីរនាក់

ចែករំលែក៖

ភ្នំពេញ: ផ្ទះជួលប្រជាពលរដ្ឋចំនួន២០បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយត្រូវបានគេអះអាងថា ផ្តើមចេញពីការផ្ទុះហ្គាសចេញពីបន្ទប់មួយទើប បង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង និងធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឮសូរសំឡេងផ្ទុះហ្គាស លាន់ដូចរន្ទះហើយមិនបានប៉ុន្មានផងស្រាប់តែឃើញមានអណ្តាតភ្លើង និងផ្សែងហុយយ៉ាងខ្មួលខ្មាញ់ បណ្តាលឲ្យការឆាបឆេះនេះរឹតតែខ្លាំងនិងរាលដាលដល់បន្ទប់ជួលរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះចំនួន២០បន្ទប់ជាបន្តបន្ទាប់តែម្តងដោយក្នុងនោះឆាបឆេះអស់ទាំងស្រុងចំនួន៨បន្ទប់ ចំណែក១២បន្ទប់ទៀតរងការខូចខាត និងបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។ ករណីមានអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា ផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាស ខណ:ដែលម្ចាស់ផ្ទះកំពុងចម្អិនម្ហូប។

បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចុះទៅបាញ់ពន្លត់ដល់កន្លែងកើតហេតុហើយបានរលត់ទាំងស្រុងនៅម៉ោង៤ រសៀលថ្ថៃដដែល ៕ ប្រាថ្នា

k1 k2


ចែករំលែក៖