ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីវ័យចំណាស់ម្នាក់បែកក្បាលស្លាប់ភ្លាមៗ ខណៈកំពុងជិះកង់លើកំណាត់ផ្លូវជាតិលេខ១ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះអ៊ុក សាមាន អាយុ៧០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិដូនលៀប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ។

រីឯរថយន្តដែលបង្កហេតុមិនត្រូវបានស្គាល់នោះទេ ខណៈមានសភាពមិនស្រួលបើកគេចទៅកើតបាត់ស្រមោល។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះកង់លើកំណាត់ផ្លូវជាតិតែម្នាក់ឯង បន្ទាប់មក ស្រាប់តែឮសូរសំឡេងក្ឌាំងបណ្ដាលឲ្យស្ត្រីម្នាក់ស្រែកហៅជួយផង រួចក៏ស្ងាត់ ទើបអ្នកភូមិចេញមកមើល ឃើញរថយន្តបើកទៅទិសខាងកើតឆ្ពោះចូលខេត្តព្រៃវែងបាត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ប៉ុន្តែដោយរបួសក្បាលធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់។

ក្រោយពីពិនិត្យសាកសព និងវាស់វែងរួច សមត្ថកិច្ចនគរបាលបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

ase-2 ase ase-1


ចែករំលែក៖