ភ្នំពេញ៖ ផលិតកម្មBKបានរៀបចំពិធីក្រុងពាលីផ្លូវការរបស់ខ្លួនដើម្បីដំណើរការចេញផលិតរឿងថ្មីមួយទៀតគឺរឿង”អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ”ដែលជាប្រភេទរឿងបែបកំប្លែង ភ័យរន្ធត់និងមនោសញ្ចេតនា។កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយតារាសម្តែងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបហើយពួកគេរំពឹងថាខ្សែភាពយន្តនេះនឹងក្លាយជារឿងចាប់អារម្មណ៍ថ្មីមួយទៀត។
ផលិតករវ័យក្មេងលោក ឈុន សុវណ្ណ ភក្តី បានឲ្យដឹងថារឿង”អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ”នេះដោយចំណាយដើមទុន ប្រមាណជាង៦ម៉ឺនដុល្លារសម្រាប់ដំណើរការថតទាំងមូលនិងប្រកបដោយភាព សម្រិតសម្រាំងដើម្បីប្រាកដថាអាចជ្រាតចូលទីផ្សារខ្លាំងនៅពេលចាក់បញ្ចាំង។លោកបញ្ជាក់ថារឿងនេះគឺជារឿងខ្នាតធំទី៣របស់ផលិតកម្មបន្ទាប់ពីរឿង”ដៃគូកម្ចាត់ ខ្មោច” និងរឿង”អាសូយទ្រីស្មោះស្នេហ៍”។
លោកបន្តទៀតថាក្រៅពីតារាសម្តែង តារាកំប្លែងល្បីឈ្មោះមានសមត្ថភាពរឿងនេះនឹងមានគុណភាពកាន់តែខ្ពស់សម្រាប់ ផលិតកម្មលោកព្រោះតែលោកទើបនឹង បំពាក់នូវឧបករណ៍ទំនើបដែលផលិតចុងក្រោយពិសេសកាមេរា៉កម្រិត4Kដែលជាប្រភេទកាមេរ៉ាដែលផលិតករភាពយន្តក្រៅស្រុកប្រើប្រាស់និងប្រាកដថាផ្តល់នូវ រូបភាពត្រជាក់ភ្នែកមិនធ្លាប់មាន។ លោកនៅមិនទាន់រកពេលដាក់បញ្ចាំងនៅពេលណាច្បាស់លាស់នៅឡើយទេ ប៉ុន្តែមិនលើសពីដើមឆ្នាំ២០១៧នេះទេ។ លោករំពឹងថា ខ្សែភាពយន្តដែលមានទាំងឈុតឆាកកំប្លែង សប្បាយ មនោសញ្ចេតនា និងបង្កប់ដោយទស្សនៈអប់រំខ្ពស់នេះនឹងទទួលបានការ គាំទ្រច្រើនពីទស្សនិកជននៅពេលចាក់ បញ្ចាំង។
តារាសម្តែងស្រីកញ្ញាពៅ លីដាបានបង្ហាញចំណាប់អារម្មណ៍ដែរថានេះជារឿងទីពីររបស់នាងដែលបានសម្តែងនៅផលិតកម្មខាងលើដែលនាងពេញចិត្តសហការ ថតជាមួយព្រោះតែម្ចាស់ផលិតកម្មជាអ្នកតស៊ូស្រលាញ់ភាពយន្តខ្មែរហើយនាងពិតជារំភើបចិត្តចូលរួមសម្តែង។រឿងនេះនាងសម្តែងបែបកាចខុសពីមុនស្លូត បូកទាំងសាច់រឿងមានភាពកំប្លែងមានខ្មោចនិងការអប់រំរឹតតែទាក់ទាញព្រមទាំងតារាសម្តែងនិងតារាកំប្លែងល្បីឈ្មោះផងដែរពិតជាធ្វើឲ្យរឿងមួយនេះប្លែកសម្រាប់ឆ្នាំថ្មី២០១៧ខាងមុខនេះ។
គួរបញ្ជាក់ថា តារាសម្តែងដែលនឹងមានវត្តមានសម្តែងក្នុងរឿងនេះមានលោកឈុនសុវណ្ណភក្តី, កញ្ញាឈុន សុវណ្ណស្រីមុំ, កញ្ញា ពៅ លីដា, នាងខ្ញុង, លោកចាន់ ណារ៉ូ ណាន, នាយចឺម, នាយគ្រឿន និងតារា សម្តែងមួយចំនួនរួមទាំងក្រុមការងារផលិតកម្មផងដែរ៕ វឌ្ឍនា