ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីបានសហការជាមួយនគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមចោរប្លន់កាប់យកម៉ូតូ៤នាក់បានជាបន្តបន្ទាប់ នៅខណ្ឌសែនសុខ ដោយបានដកហូតម៉ូតូ១គ្រឿងប្រគល់ឲ្យជនរងគ្រោះវិញ ។
មន្រី្តនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញមួយរូបបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្រោយមានសភាពការណ៍ប្លន់ប្រដាប់ងាវុធកើតឡើង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបឈានទៅឃាត់ខ្លួនបានជនសង្ស័យបានចំនួន៣នាក់ នៅចំណុចម្តុំកន្លែងប៉ះកង់ ក្បែរផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១- ឈ្មោះ ហាប ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ, ទី២- ឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣ ឈ្មោះ ម៉ៅ ប៊ុនធឿនភេទប្រុស អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយប្រើរូបភាពយកដាវសាមូរ៉ៃ កាប់ជនរងគ្រោះប្លន់យកម៉ូតូ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីមានចម្លើយសារភាពពីជនសង្ស័យទាំង៣នាក់ខាងលើ ទើបនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងការិយាល័យបានបន្ដស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យបានម្នាក់ទៀត ឈ្មោះ សេង គឹមសុង ភេទប្រុស អាយុ១៦ឆ្នាំ និបានដកហូតបានម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CW-3150 ហើយបានប្រគល់ជូនជនរងគ្រោះដែលមានម្ចាស់ម៉ូតូ ឈ្មោះ ផុន ឡុង ភេទប្រុស អាយុ ២១ ឆ្នាំវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕ ប្រាថ្នា