ភ្នំពេញ៖ រំលងដំណឹងអកុសល្យរយៈពេល១ឆ្នាំ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញាខេមរៈ ស្រីពៅ បានបង្ហាញមុខក្នុងវីដេអូខ្លីហើយ ដើម្បីជម្រះរឿងនាងឈឺធ្ងន់ដេកនឹងកន្ទេល ព្រោះប្រតិកម្មថ្នាំថែសម្រស់នោះ ។
គេចាំបានថា កញ្ញាខេមរៈ ស្រីពៅ មានជំងឺប្រតិកម្មនឹងថ្នាំរក្សាសម្រស់រហូតធ្លាក់ខ្លួនឈឺដេកនឹងកន្ទេល ត្រូវបានល្បីសុះសាយពេញផ្ទៃប្រទេស កាលពីដើមឆ្នាំ២០១៦មកម្ល៉េះ ។ ប៉ុន្តែ លុះចូលដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ភ្លាម នាងបានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងវីដេអូខ្លី រយៈពេលត្រឹម៣០វិនាទី ដែលតារាចម្រៀង ខេមរៈ ស្រីពៅបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង បានជម្រាបសួរ និងផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយនាងក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងអ្នកគាំទ្រដែលបានខ្វាយខ្វល់ពីសុខទុក្ខនាង។
នាងបញ្ជាក់ដែរថា នៅពេលនេះ ស្ថានភាពសុខភាពរបស់នាងវិលមករកភាពល្អប្រសើរវិញហើយៗនាងក៏បានជូនពរដល់ប្រជាជនខ្មែរគ្រប់រូបនាឱកាសចូលឆ្នាំថ្មីនេះ ។
គួររំលឹកដែរថា ដំណឹងអកុសល្យថា ខេមរៈ ស្រីពៅមានជំងឺប្រតិកម្មថ្នាំរក្សារសម្រស់ធ្ងន់ធ្ងរសម្ងំរក្សាសុខភាព និងព្យាបាលនៅផ្ទះឯស្រុកកំណើត។ បងប្រុសរបស់នាង គឺលោកខេមរៈ ភិរុណ ធ្លាប់អះអាងថា ប្អូនស្រីរបស់ខ្លួនស្ថិតនៅភ្នំពេញ និងកំពុងរស់នៅជាមួយគ្រួសារនៅម្ដុំចម្ការព្រីង នៅភ្នំពេញជាធម្មតានោះទេ។
លោកបញ្ជាក់ថា ប្អូនស្រីរបស់លោក គឺនៅតែមានសុខភាពធម្មតា និងមិនមានបញ្ហាកើតឡើងដូចគ្នានឹងអ្វីដែលបានលេចធ្លាយនោះឡើយបើទោះជាតារាចម្រៀងខេមរៈ ស្រីពៅ មិនមានសកម្មភាពឡើងឆាក ឬចេញមុខក្នុងកម្មវិធីសិល្បៈនាពេលចុងក្រោយនេះក្តី។ ទោះជាដំណឹងអកុសល្យនេះ កាន់តែសុះសាយក្តី ក៏លោកមិនមានគម្រោងបង្ហាញមុខប្អូនស្រីជាសាធារណៈដែរ ដែលលោកចាត់ទុកថា ដំណឹងអកុសល្យបែបនេះ តែងកើតមានចំណោះតារាល្បីដែរ ៕ វឌ្ឍនា