ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឆ្មក់ចូលបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន មួយកន្លែងខាងក្រោយប៉ុស្តិ៍ទួលសង្កែ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន មួយកន្លែង នៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់ កាលពីវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះមាត់ទន្លេ ដែលជាតំបន់មិនមានរបៀបរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ជួញ ស្រីញ៉ា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់បង្អែម និងទី២-ឈ្មោះ វ៉ាន់ សុភា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ០២នាក់មានទីលំនៅផ្ទះមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ ដោយសារតែមានបទបញ្ជាពីនាយឧត្តមសេនី ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាអោយកម្លាំងសមត្ថកិច្ចទាំង ១២ខណ្ឌ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនអោយខានតែបាន ដើម្បីទប់ស្កាត់នូវបទល្មើសទាំងនេះ។
ក្រោយពីបានទទួលបានបញ្ជានេះ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន មួយកន្លែង នៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ដែលជាតំបន់មិនមានរបៀបរៀបរយមួយកន្លែង ដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ និងបានដកហូតមួយចំនួនរួមមានៈ ម្សៅក្រាមពណ៌សថ្លា ចំនួន ១៤កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ប្រភេទយ៉ាម៉ា (W.Y) ផលិតរួចចំនួន ៣៧គ្រាប់, ថ្នាំគ្រាប់ប្រភេទគ្រវី(ខេ) ចំនួន ៨គ្រាប់, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌សចំនួន ៣កញ្ចប់, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំក្រវីពណ៌ក្រមហចំនួន ៤កញ្ចប់, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ទឹកក្រូចចំនួន ១ប្រអប់, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌លឿងចំនួន ១ដប, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ស្លាទុំចំនួន ១ដប, ឧបករណ៍ផលិតកែច្នៃ(ពុម្ព)យ៉ាម៉ា (W.Y) ចំនួន ១៣ដុំ និងម៉ាសុីនអ៊ុតថង់ផ្លាស្ទិច នឹងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន ព្រមទាំងសំភារៈបំរើសកម្មភាពមួយចំនួន ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ២នាក់ទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ អរុណរះ

bchan bchan1 bchan2 bchan3


ចែករំលែក៖