ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិកូរ៉េបើករថយន្តបត់ទៅបុករបាំងថ្មបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បើករថយន្តបត់ឆ្វេងសង្ស័យមិនដឹងថា ផ្លូវនោះមានដាក់របាំងថ្ម បុកពេញទំហឹង បណ្តាលឲ្យប្រពន្ធដែលជិះជាមួយរងរបួសបែកក្បាល និងបាក់ដៃ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវឧកញាម៉ុងឫទ្ធី មុខហាងស៊ុប អាសុីសូគីស៊ុប ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកកាមរីសេរ៊ីឆ្នាំ ៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A 0836 បើកបរដោយបុរសម្នាក់ឈ្មោះ ឆុង សាំងយុគ ភេទប្រុស អាយុ45ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២០ ផ្លូវ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំណែកប្រពន្ធដែលរង របួសនោះមិនស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា រងរបួសបែកក្បាល និងបាក់ដៃខាងស្តាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកតាមផ្លូវឧកញា ម៉ុង ឫទ្ធី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបររថយន្តខាងលើមិនដឹងថាកន្លែងនោះមានដាក់របាំងថ្មពុះចែកទ្រូងផ្លូវថ្មីៗ ទើបបត់រថយន្តមកខាងឆ្វេងទាំងមិនបានចាប់អារម្មណ៍ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយវៀចចេញពីទ្រង់ទ្រាយដើមទាំងស្រុង ចំណែករថយន្តវិញ រងការខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកស្ត្រីជាប្រពន្ធដែលអង្គុយជាមួយនោះដោយមិនបានពាក់ខ្សែក្រវាត់ហោះទៅបុកកញ្ចក់រថយន្តបណ្ដាលអោយរងរបួសបែកក្បាល និងបាក់ដៃខាងស្ដាំតែម្តង។ ដោយឡែកបុរសជាប្តីដែលបើកបរមិនរងរបួសអ្វីនោះទេ។

ប្រភពពីអ្នកបើកបរបានបន្តថា កាលពីមុនផ្លូវនេះមិនធ្លាប់មានរបាំងថ្មពុះចែកទ្រូងផ្លូវអ្វីនោះទេ ដោយសារតែផ្លូវខាងលើនោះមិនមានភ្លើងបំភ្លឺផ្លូវហើយក្បាលនាគដែលទើប និងដាក់នោះក៍មិនមានសញ្ញាសំគាល់អ្វីនោះ ទើបធ្វើអោយអ្នកដំណើរដែលធ្លាប់តែបត់ផ្លូវនោះមិនបានចាប់អារម្មណ៍ ហើយទើបកើតមានគ្រោថ្នាក់ចរាចរបែបនេះ ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាប់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះចំណែករថយន្តវិញ ត្រូវបានជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែង និងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

res-1 res-2 res-3 res-4 res-5


ចែករំលែក៖