ខេត្តកណ្តាលៈ ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់មិនត្រឹមតែក្បត់ចិត្តស្វាមីនាំប្រុសស្នេហ៍ចូលច្រៀងខារ៉ាអូខេនោះ ព្រមទាំងប្រើពាក្យជេរប្រមាថថែមទៀត ធ្វើឲ្យប្តីអត់ទ្រាំមិនបានក៏ស្ទុះទះកំផ្លៀងទៅស្ត្រីជាប្រពន្ធ៣ទៅ៤ដៃ បណ្តាលឲ្យធ្លាក់ពីលើគ្រែលក់សាច់គោ និងចាប់បោចសក់ក្បាលបោកទៅលើបេតុង រហូតសន្លប់ឈឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងលក់សាច់គោនៅផ្សារបាសិទ្ធ ស្ថិតក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះ អួន យ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កាប់គោ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សឹម ងែត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ទាំង២នាក់នេះបច្ចុប្បន្នរស់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនដៃដល់ជាប្តីពុំសូវបាននៅផ្ទះជាមួយស្ត្រីជាប្រពន្ធនោះទេ គឺរវល់ចេញទៅកាប់គោ ។ ថ្មីៗនេះជនដៃដល់ជាប្តីស៊ើបដឹងថាប្រពន្ធរបស់ខ្លួនឆ្លៀតលួចទៅច្រៀងខារ៉ាអូខេជាមួយប្រុសស្នេហ៏(មានសាហាយ) ទើបធ្វើឲ្យបុរសជាប្តីផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំងនិយាយសួរនាំទៅលើស្ត្រីជាប្រពន្ធ ។ ស្ត្រីជាប្រពន្ធក៏បានស្រែកខ្លាំងទៅលើជនដៃដល់ជាប្តីថា “អើបើអញអញ្ចឹងមែន ហ្អែងចង់ធ្វើអីអញ..? អាឆ្កែ អាចុយម្រាយ” ។ ពាក្យជេរប្រមាថនេះបានធ្វើឲ្យជនដៃដល់អត់ទ្រាំមិនបានក៏ស្ទុះទះកំផ្លៀងទៅស្ត្រីជាប្រពន្ធ៣ទៅ៤ដៃ បណ្តាលឲ្យធ្លាក់ពីលើគ្រែលក់សាច់គោ ។ ជនដៃដល់នៅតែមិនអស់ចិត្តបានស្ទុះទៅចាប់បោចសក់ក្បាលស្ត្រីជាប្រពន្ធបោកទៅលើបេតុង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកស្ត្រីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕ ស្អាងជ័យ