ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់បានស្លាប់បន្ទាប់បើកទូកបុកគ្នាជាមួយប្រជាពលរដ្ឋខ្មែរ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសជនជាតិវៀតណាម ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះបើកទូកស្មាច់បោះពួយបុកគ្នាជាមួយទូកសហគមន៍នេសាទឡូត៍លេខ១១ជនជាតិខ្មែរ នៅត្រង់ចំណុចចុងព្រែកតាសោម (ស្ពានលេខ៣៦) ស្ថិតក្នុងភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក កាលពីវេលាម៉ោង១ និង៣០នាទីទាបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា បុរសជនជាតិវៀតណាមស្លាប់បាត់បង់ជីវិតនោះឈ្មោះ យ៉ យ៉ាំងសាវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិខ្នារតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ។

ចំណែកឯទូកស្មាច់សហគមន៍នេសាទបើកបរដោយឈ្មោះ ធឹម រុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ យឹម ថា ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅជាមួយគ្នាក្នុងភូមិចុងកោះ ឃុំសណ្តា ស្រុកលើកដែរ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុបុរសជនជាតិវៀតណាមខាងលើនេះបានបើកទូកស្មាច់ក្នុងឯងតាមបណ្តោយទឹកព្រែកតាសោម ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុក៏បានបុកបញ្ឆិតក្បាលទូកជាមួយទូកស្មាច់របស់សហគមន៍នេសាទអតីតឡូត៍នេសាទលេខ១១ បណ្តាលឲ្យទូកបុរសជនជាតិវៀតណាមក្រឡាប់ ធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកលើកដែកកំពុងបន្តស្រាវជ្រាវបន្ថែមទៀតជុំវិញករណីនេះបន្តទៀត ៕ ស្អាងជ័យ
15826787_2184935318398143_2084460902314281533_n

15823163_2184938448397830_5290273059238271869_n


ចែករំលែក៖