ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូប៉ះដៃចង្កូតគ្នាដួលបោកទៅលើផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរស២នាក់បានទទួល រងរបួសយ៉ាងធ្ងន់ បន្ទាប់ពីជិះម៉ូតូប៉ះដៃ ចង្កូតគ្នាដួលបោកទៅលើផ្លូវ កាលពីវេលាម៉ោង១៧ និង១៨នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១១០ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ខាងត្បូងស្ពានព្រែក ថ្មីប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិ ទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH-9838 បើកបរដោយឈ្មោះ យន់ សាវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ ។ ចំណែកឯភាគីម្ខាងទៀតម៉ូតូម៉ាកហុងដាគុបមូល ធុនសេ៩០ ពណ៌ខៀវចាស់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈុយ វិច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូហុងដាគុបដឹកខ្យងតាមបណ្តោយផ្លូវជាតិលេខ១១០ត្រើយខាងកើតទន្លេបាសាក់ ក្នុងទិសដៅពីជើងទៅត្បូងពីច្បារអំពៅឆ្ពោះទៅព្រែកជ្រៃ ខណៈបើកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូហុងដាឌ្រីមបើកទៅប៉ះដៃចង្កូតជាមួយម៉ូតូហុងដាគុប បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវ ធ្វើឲ្យអ្នកបើកបរទាំងសងខាងរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ ។ ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

1ab5c90a-13d7-4cd5-b113-83d922cf8d7f 4fc853d5-0b51-4782-86e0-37030a8225f5 e2f7d393-de4c-41f7-a3f0-75641aa1fa11


ចែករំលែក៖