ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកបានឯកភាពតាមសំណើ របស់អភិបាលរាជធានីភ្នំពេញក្នុងការបង្កើន ចំនួនមន្រ្តីនគរបាលចរាចរផ្លូវគោកជាប់ កិច្ចសន្យាបន្ថែមទៀតដើម្បីចូលរួមដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលកំពុងប្រឈមក្នុងពេល បច្ចុប្បន្ននេះ ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួត ពិនិត្យការងារអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦និងទិសដៅការងារឆ្នាំ២០១៧កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០១៧ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបង្កើនចំនួនមន្រ្តីនគរ បាលចរាចរក្នុងក្របខ័ណ្ឌជាប់កិច្ចសន្យា នេះគឺអាចធ្វើទៅបានហើយវាជាផែនការថ្មីក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋថែម ទៀតដោយកម្រិតនូវក្របខ័ណ្ឌកម្លាំងនគរបាលទាបជាងហើយពឹងផ្អែកលើកម្លាំង មហាជនដែលមកចូលរួមក្នុងការសម្រួល បញ្ហាចរាចរណ៍នេះ ។
សម្តេចក្រឡាហោមបានលើកឡើងជា ឧទាហរណ៍ថា នៅពេលដែលស្ថានភាព ចរាចរណ៍មានការកកស្ទះខ្លាំងយើងត្រូវ ការកម្លាំងនគរបាលចរាចរជាប់កិច្ចសន្យាចំនួន១០០នាក់ក្នុងការជួយសម្រួលចរាចរណ៍ ហើយនៅពេលដែលស្ថានភាពចរាចរណ៍ត្រូវបានកាត់បន្ថយតាមរយៈការមានផ្លូវគមនាគមន៍ត្រឹមត្រូវជាដើមនោះ កម្លាំងនគរបាលចរាចរជាប់កិច្ចសន្យាក៏ត្រូវបានកាត់បន្ថយទៅតាមនោះហើយការ ចំណាយក៏ទៅតាមហ្នឹងដែរ ។
ការឯកភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺធ្វើឡើង បន្ទាប់ពីលោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញបានស្នើបង្កើនកម្លាំងនគរបាលចរាចរជាប់កិច្ចសន្យាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នកំណើននៃការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញមានការកើន ឡើង ខណៈដែលចំនួនមន្រ្តីនគរបាលចរាចរមានតែជាង៤០០នាក់ប៉ុណ្ណោះ។
លោក ប៉ា សុជាតិវង្ស បានឱ្យដឹងដែរថា ការបន្ថែមចំនួននគរបាលចរាចរជាប់កិច្ច សន្យានេះគឺដើម្បីយកទៅដាក់បញ្ជានៅ ទីតាំងមានការកកស្ទះចរាចរណ៍ដើម្បី សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកអភិបាលរាជធានីបញ្ជាក់ថា កន្លែង ដែលកកស្ទះក្នុងរាជធានីភ្នំពេញនាពេល បច្ចុប្បន្ននេះមានចំនួន១៨២គោលដៅ ហើយបើគ្មានកងកម្លាំងនគរបាលចរាចរក៏ដូចជាកងរាជអាវុធហត្ថទៅអន្តរាគមន៍ក្នុងរយៈពេលត្រឹម៣០នាទីទេការកកស្ទះនឹងកើតឡើងភ្លាម ។
លោកអភិបាលរាជធានីបានបន្តថា ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នេះសាលារាជធានីភ្នំពេញក៏បានប្រឹងប្រែង ពង្រីកនិងសាងសង់ផ្លូវបន្ថែម ហើយក្នុង រយៈពេល៣ឆ្នាំចុងក្រោយនេះសាលារាជធានីភ្នំពេញបានសាងសង់ផ្លូវប្រវែងសរុបជាង៤០០គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញនាពេល បច្ចុប្បន្នមានយានយន្តចំនួន៤០ម៉ឺនរថយន្ត និងម៉ូតូ១លាន៤សែនគ្រឿងនិងមានប្រជាពលរដ្ឋជិត៣លាននាក់ ៕ ហេង សូរិយា