ខេត្តកណ្តាល-ភ្នំពេញ៖ មន្រ្តីរដ្ឋបាលជលផលបានជូនដំណឹងដល់បងប្អូនប្រជាពល រដ្ឋខ្មែរដែលមានបំណងធ្វើប្រហុក ផ្អក ព្រមទាំងត្រីឆ្អើរសូមប្រញាប់រួសរាន់ទាន់ត្រីកំពុងត្រូវនៅតាម គន្លងនេសាទនានាក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តកណ្តាលនៃដង ទន្លេសាប ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលជលផលបានចេញ សេចក្តីជូនដំណឹងមួយប្រាប់ដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនឲ្យនាំ គ្នារួសរាន់ធ្វើប្រហុក ផ្អក ។ នៅក្នុងសេចក្តី ជូនដំណឹងបានបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ ២០១៦ និង២០១៧នេះការធ្វើអាជីវកម្មនេសាទតាមគន្លងដាយត្រីដែលមានទីតាំងនៅតាមដងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនិងខេត្តកណ្តាលដែល អាចនេសាទត្រីបានច្រើនចាប់ពីថ្ងៃ៥កើត ដល់១០កើតខែបុស្ស ត្រូវនឹងថ្ងៃទី២ ខែ មករា ឆ្នាំ២០១៧និងចាប់ពីថ្ងៃទី៦កើតដល់ថ្ងៃទី១២កើតខែមាឃ ត្រូវនឹងថ្ងៃទី២ ខែ កុម្ភៈដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ ប្រសិនបើផ្ទៃមេឃស្រឡះនិងគ្មានភ្លៀង កក់ខែ ។
នៅក្នុងសេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោកអាង ជា សាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបញ្ជាក់ថានេះចាត់ទុកជាការអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើ ប្រហុកផ្អកត្រីឆ្អើរ។ល។សម្រាប់ទុកបរិភោគប្រចាំឆ្នាំមេត្តាអញ្ជើញមកទិញត្រីឲ្យបាន រួសរាន់តាមពេលវេលានិងទីកន្លែងដូចបានជម្រាបជូនខាងលើ ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើ ដំណើរទៅមកស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រី កុំឲ្យមានការរាំងស្ទះតាមការគួរ ។
លោក ណៅ ធួក រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលបន្ទុក រដ្ឋបាលជលផលនិយាយឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ថាត្រីបឹងទន្លេសាប ចាប់ផ្តើមចេញពីបឹងហើយ ដោយពេលនេះនៅមាត់ច្រកខេត្តកំពង់ឆ្នាំង អ្នកនេសាទ ដោយមងចាប់បានត្រីច្រើនហើយ តែនៅ តាមគន្លងដាយមិនទាន់មានត្រីត្រូវនៅឡើយទេ យ៉ាងហោចណាស់ក៏បីថ្ងៃទៀតដែរទើប ហ្វូងត្រីមានត្រូវនៅតាមដាយ ។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ថា នៅតាមគន្លងដាយនៃដង ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល មិនទាន់មានត្រូវត្រីនៅឡើយទេ ដោយ សារនៅមានភ្លៀងដោយកន្លែង ។
នៅឯក្នុងភូមិសាស្ត្ររាជធានីភ្នំពេញវិញត្រូវបានគេនិយាយឲ្យដឹងថាកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧មានត្រូវត្រីសម្រាប់ធ្វើ ប្រហុកផ្អកខ្លះដោយលើកម្តងបានពី២០ ទៅ៣០គីឡូក្រាម តែនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧បែរជាលែងត្រូវទៅវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជានាយកខុទ្ទកាលយ័ក្រសួងធនធានទឹកនិងឧតុនិយមនិយាយឲ្យដឹងនៅថ្ងៃទី២ ខែ មករា ឆ្នាំ២០១៧ថាតាមការព្យាករ ពីថ្ងៃ ទី២ដល់ថ្ងៃទី៥ ខែមករា ភ្លៀងអាចកើតមានតិចតួចនៅតំបន់ទំនាបភាគខាងត្បូងនៃ ប្រទេសកម្ពុជា ។
ចំណែកឯស្ថានភាពទឹកទន្លេសាបវិញត្រូវបានលោក ម៉ៅ ហាក់ អគ្គនាយករង បច្ចេកទេសនិងជាអ្នកនាំពាក្យក្រសួងធន ធានទឹកនិងឧតុនិយមនិយាយឲ្យដឹងនៅ ថ្ងៃទី២ ខែមករាថាចរន្តទឹកហូរចេញនៅព្រែកក្តាមមានល្បឿនកន្លះម៉ែត្រក្នុងមួយ វិនាទី ល្បឿននេះស្ថិតនៅក្នុងកម្រិតមធ្យមបង្កលក្ខណៈងាយស្រួលដល់ការនេសាទតាមគន្លងដាយ ។
ទឹកបឹងទន្លេសាបនៅស្ថានីយជល សាស្ត្រក្រគរ កំពង់ហ្លួងថ្ងៃទី២ ខែមករា មានកម្ពស់ ៣,៩៩ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០១៦ ប្រមាណ១,៩៥ម៉ែត្រ តែទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,៨២មែ៉ត្រ ។ នៅចតុមុខ ទឹកមានកម្ពស់ ៣,៦៨ម៉ែត្រ ខ្ពស់ជាង ឆ្នាំ២០១៦ ប្រមាណជា១,១២ម៉ែត្រ តែទាប ជាងទឹកមធ្យមច្រើនឆ្នាំ០,៤៦ម៉ែត្រ ៕ សហការី