ខេត្តបន្ទាយមានជ័យ៖ លោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យបានស្នើទៅរដ្ឋមន្ត្រីក្រសួង សុខាភិបាលពិចារណាផ្អាកបណ្តោះអាសន្ន លើដំណើរការមន្ទីរសម្រាកព្យាបាល-សម្ភព សែនសុខសាន្ត ក្រុងប៉ោយប៉ែត បន្ទាប់ពីបានប្រើថ្នាំព្យាបាលមិនត្រឹមត្រូវទៅលើអ្នក ជំងឺដែលត្រូវពស់ចឹកបណ្តាលឲ្យស្លាប់ ហើយមិនទទួលខុសត្រូវ ។
លោក កែវ សភ័ក្ត្រា បានឲ្យដឹងថា ការស្នើសុំផ្អាកបណ្តោះអាសន្នមន្ទីរសម្រាក ព្យាបាល-សម្ភព សែនសុខសាន្ត ធ្វើឡើងតាមនីតិវិធីឲ្យខាងម្ចាស់ទីតាំងឈ្មោះ ឈុំ ម៉ុងឆេង ទូទាត់សំណងដល់ក្រុមគ្រួសារ ជនរងគ្រោះ។ ក្នុងការស្នើរសុំនេះលោកបាន ធ្វើរបាយការណ៍អស់ហើយពីការប្រើប្រាស់ ថ្នាំដែលពេទ្យនៅទីនោះព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ ។
លោកបន្តថា ការស្នើសុំផ្អាកបានធ្វើ ឡើងកាលពីចុងឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះក្រសួងមិនទាន់មាន ចំណាត់ការនៅឡើយទេ។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៦ ស្ត្រីជាអ្នកប្រកបរបរលក់ពស់ម្នាក់ឈ្មោះ ម៉ា សុធា មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតត្រូវបានពស់វែកក្របីចឹកម្រាមដៃនៅវេលាម៉ោង៤ រសៀល ហើយក៏បានបញ្ជូនទៅសង្គ្រោះ បន្ទាន់ភ្លាមៗនៅមន្ទីរសម្រាកព្យាបាល-សម្ភព សែនសុខសាន្ត ។ រហូតដល់យប់ជ្រៅស្ត្រីរងគ្រោះមានអាការធ្ងន់ធ្ងរទោះជា គ្រួសារសុំយកទៅព្យាបាលនៅមន្ទីរពេទ្យ រដ្ឋក៏ខាងពេទ្យមិនអនុញ្ញាតឲ្យទៅរហូតដល់អ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំងទើបប្រញាប់ ដឹកទៅមន្ទីរពេទ្យរដ្ឋតែជាអុកសជនរងគ្រោះបានស្លាប់ពេលកំពុងធ្វើដំណើរ ។
ហេតុការណ៍នេះក្រុមគ្រួសារជនរងគ្រោះនៅយប់ថ្ងៃដដែលបានប្តឹងទៅអធិការក្រុង ប៉ោយប៉ែតដើម្បីមានវិធានការលើមន្ទីរ សម្រាកព្យាបាល-សម្ភព សែនសុខសាន្ត។ រហូតមកដល់ពេលនេះក្រៅពីនគរបាល និងស្ថាប័ណ្ណសុខាភិបាល នៅពុំទាន់ឃើញមានស្ថាប័នយុត្តិធម៌ និងក្រសួងសុខាភិ បាលចាត់ការទៅលើមន្ទីរសម្រាកព្យាបាល សម្ភព សែនសុខសាន្តនៅឡើយទេ៕ ហេង នរិន្ទ្រ