ខេត្តត្បូងឃ្មុំ៖ ដើម្បីអបអរសាទថ្ងៃជ័យជំនះ៧ មករា ១៩៧៩ លោក ស៊្រុន ផឹងឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរស្រុកមេមត់បានរៀបចំការប្រគួតបាល់ទាត់ដណ្តើមពានរង្វាន់ ៧ មករា យុវជនថ្នាក់ស្រុកមេមត់ឆ្នាំ២០១៧ ។
ពិធីបើកការប្រគួតនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ខែមករា ឆ្នាំ២០១៧ នៅទីលានបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ក្រោមអធិបតីភាពលោកឧត្តមសេនីត្រី វ៉ា សារិទ្ធិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
មានប្រសាសន៍ទៅកាន់ក្រុមកីឡាករ និងអ្នកគាំទ្រលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធិ បានលើកថា ការរៀបចំប្រគួតបាល់ទាត់ថ្ងៃនេះគឺស្រមតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ -៧ មករា ២០១៧។
លោកឧត្តសេនីយបន្តថា ក្រៅពីអបអរសារទទិវាជ័យជំនះនេះក៏ដើម្បីជម្រុញ និងលើកទឹកចិត្តដល់យុវជនអោយចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាគ្គីភាពផងដែរ។ នៅក្នុងឪកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏បាននែនាំដល់ក្រុមកីឡាករ និងអ្នកគាំទ្រដែលភាគច្រើនជាយុវជនអោយចេះរួមសាមគ្គីគ្នា កុំបង្កើតក្រុមបងតូចបងធំបង្ករចលាចលដល់សង្គម ពិសេសកុំប្រព្រឹត្តអំពើខុសច្បាប់ ដោយជៀសអោយឆ្ងាយពីគ្រឿងញៀន។
លោកបន្តថា យើងមានសុខសន្តិភាព ភាពសម្បូសប្បាយដូចសព្វថ្ងៃនេះគឺដោយសារការលះបង់សាច់ស្រស ឈាមស្រស របស់យុវជនយុវនារី គណបក្សប្រជាជនកម្ពុជារំដោះប្រទេសពីរបបវាលពិឃាតប៉ុលពត និងជាបន្តបន្ទាប់ក្រោមការដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាពិសេសធ្វើអោយប្រទេសជាតិស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះវិស័យកីឡាក៏កំពុងរីកចម្រើនគួរអោយកត់សម្គាល់ផងដែរ។
បើតាមការបញ្ជាក់របស់លោក ស៊្រុន ផឹងឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងប្រធានគណៈកម្មការរៀបចំការប្រគួតបានអោយដឹងថា ការប្រគួតនេះគឺមានក្រុមកីឡាករ៨ក្រុមមកចូលរួមប្រគួតដើម្បីដណ្តើមពានរង្វាន់៧ មករា ថ្នាក់ស្រុកមេមត់ ដែលមានរយៈពេល៦ថ្ងៃ។ ក្នុងនោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងបានប្រាក់រង្វាន់ ៣លានរៀល លេខ២ទទួលបាន២លានរៀល លេខ៣១លានរៀល និងសម្ភារះកីឡាមួយចំនួនទៀតផងដែរ ហើយប្រាក់រង្វាន់នេះគឺបានមកពីសប្បុរសជននានាជួយឧបត្ថម៕ វណ្ណះ