ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅជាប់គ្នាបានរងដោយអគ្គីភ័យឆាបឆេះទាំងស្រុង ប៉ុន្តែមូលហេតុនាំឲ្យកើតមានអគ្គីភ័យនេះ ហាក់ដូចជាស្រពេចស្រពិល ដោយអ្នកខ្លះសន្និដ្ឋានថា បណ្តាលមកពីដាំបាយភ្លេចពន្លត់ភ្លើងចង្ក្រាន និងខ្លះទៀតថា ទុស្សេចរន្តអគ្គីសនី ។
ករណីភ្លើងឆេះផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្ត្រីអាជ្ញាធរក្រុងច្បារមនបានឲ្យដឹងថា ផ្ទះដដែលជួបគ្រោះអគ្គិភ័យឆេះទាំងស្រុង ព្រមទាំងទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះផងនោះសង់ពីឈើប្រក់ស្លឹក ជញ្ជាំងស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រដែលទាំង២ខ្នងនេះមានទំហំប៉ុនគ្នា ។
មន្រ្តីដដែលបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះត្រូវអគ្គិភ័យឆេះផ្ទះនេះគ្រួសារទី១-ឈ្មោះ ឡុង សុីម ភេទប្រុស អាយុ ៣១ឆ្នាំ និងគ្រួសារទី២-ឈ្មោះ អាំង សាវ៉េត ភេទស្រី អាយុ៣៨ឆ្នាំ ជាកសិករ និងជាបង ប្អូនគ្នា ។
លោកវរសេនីយ៍ទោ អូច ហៀង អធិការ នគរបាលក្រុងច្បារមនបានសន្និដ្ឋានជំហាន ដំបូងថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពល រដ្ឋទាំង២គ្រួសារខាងលើនេះសង្ស័យ បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ហើយទ្រព្យសម្បត្តិខូចខាតនៅមិនអាចទាន់ប៉ាន់ស្មានបានឡើយ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឡុង សុីម បាន ប្រាប់អ្នកយកព័ត៌មាននគរវត្តនៅរសៀលថ្ងៃទី៣ ខែមករាថា ករណីភ្លើងឆេះផ្ទះគាត់ នេះសង្ស័យមានគេលួចដុត ព្រោះផ្ទះរបស់ពួកគាត់មិនមានដាំបាយស្លនៅមុនពេលកើតហេតុហើយផ្ទះទាំង២ក៏មិនមានតចរន្តអគ្គិសនីចូលដែរ ។
គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះសមត្ថ កិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកអស់ចំនួន២រថយន្តទើបអាចគ្រប់គ្រងភ្លើងមិនឲ្យបន្តរាលដាលទៅផ្ទះប្រជាពលរដ្ឋឯទៀត ៕ សេនាស័ក្តិ