ភ្នំពេញ៖ នគរបាលមូលដ្ឋានបានឃាត់ខ្លួនបុរសបុគ្គលិកក្រុមហ៊ុនវីងវេរលុយម្នាក់ ដែលបានធ្វើសកម្មភាពលួចទូដែករបស់ក្រុមហ៊ុនវីងយកប្រាក់អស់៧.៥០០ដុល្លារហើយត្រូវបានឃាត់ខ្លួន កាលវេលាម៉ោង១០ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុនវីងវេរ លុយយីហោ ថន ចាន់ឧត្ដម ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ អ៊ុន ប៊ុនថន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកក្រុមហ៊ុន វីងវេរលុយកន្លែងកើតហេតុខាងលើស្ថិត នៅផ្ទះលេខ៦៥ ផ្លូវE៣ (ផ្លូវក្នុង)ក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានរៀបរាប់ប្រាប់សមត្ថ កិច្ចថា ដោយមុនកើតហេតុជាថ្ងៃបុណ្យឆ្លង ឆ្នាំសកលគាត់បានឲ្យបុគ្គលិកសម្រាកពីការងាររយៈពេល២ថ្ងៃគឺនៅថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ លុះដល់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ទើបបើក ដំណើរការវិញតែពេលចូលដល់ក្នុងក្រុមហ៊ុនវិញស្រាប់តែឃើញទូដែកដែលដាក់ នៅក្រុមហ៊ុនបាត់។ ដោយមានគ្មានមូលហេតុក៏សួរទៅបុរសជាបុគ្គលិកដែលស្នាក់នៅក្នុងក្រុមហ៊ុនឆ្លើយថា អត់ដឹងដែរក៏ ប្រញាប់រត់ទៅប្ដឹងនគរបាលប៉ុស្តិ៍ចាក់ អង្រែក្រោមដើម្បីជួយរកចាប់ជនដៃដល់ និងលុយបាត់សរុប៧.៥០០ដុល្លារសហរដ្ឋអាមេរិកដែលដាក់ក្នុងទូដែក ។
ជនសង្ស័យឈ្មោះ វួច មាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកវីងវេរលុយ យីហោ ថន ចាន់ឧត្ដម ស្នាក់នៅក្រុមហ៊ុន កើតហេតុខាងលើ មានស្រុកកំណើតនៅ ភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ ខេត្តតាកែវ ។
លោក វុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍នគរ បាលចាក់អង្រែក្រោមបានឲ្យដឹងថា មុន ពេលកើតហេតុមានបុរសជាម្ចាស់កន្លែង វេរលុយវីងបានទៅដាក់ពាក្យបណ្ដឹងបាត់ទូដែកហើយក្នុងនោះមានលុយដុល្លារចំនួន៧.៥០០ដុល្លារសហរដ្ឋអាមេរិកក៏ប្រញាប់ចុះទៅកន្លែងកើតហេតុ ។ ពេលទៅដល់ មើលទៅសោផ្ទះអត់មានទម្លុះទំលាយហើយ ក៏រាយការណ៍ជូនលោកអធិការនគរបាលខណ្ឌដើម្បីឲ្យនគរបាលចុះមកស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន ។
លោក ម៉េង វិមានតារា អធិការរងខណ្ឌ មានជ័យបានប្រាប់ថា មានជនសង្ស័យចូល ផ្ទះជួលវីងវេរលុយលួចយកទូដែកដែល ក្នុងទូមានចំនួន៧.៥០០ដុល្លារសហរដ្ឋអាមេរិកក៏ចុះទៅត្រួតពិនិត្យឃើញថា មាន ភាពមិនប្រក្រតីសោផ្ទះទ្វារខាងក្រោយ មិនបានចាក់សោទេ ហើយក៏មិនបានខូច ខាតសោទ្វារដែរ។ ចំណែកកាមេរ៉ាសុវត្ថិ ភាពក្នុងផ្ទះបានដាច់អស់ហើយដោយគិតថា ច្បាស់អាចពាក់ព័ន្ធទៅអ្នកដែលកាន់សោផ្ទះ ហើយក៏ហៅបុគ្គលិកម្នាក់ជាអ្នកកាន់សោផ្ទះវេរលុយវីងមកសួរនាំនៅប៉ុស្តិ៍។
ក្រោយពីស៊ើបអង្កេតសួរនាំ មានតែ បុរសម្នាក់ហ្នឹងទេ ដែលសង្ស័យជាងគេ ហើយដោយធ្វើតាមជំនាញសាកសួរនាំ រយៈពេល២ម៉ោងទើបជនសង្ស័យបាន សារភាពថា ខ្លួនបានលួចទូដែកដាក់លុយ របស់ក្រុមហ៊ុនពិតប្រាកដមែនកាលវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ ខែ មករា ឆ្នាំ២០១៧ ដោយបានកាត់ផ្ដាច់ខ្សែ កាមេរ៉ាសុវត្ថិភាពនៅក្រុមហ៊ុនហើយយកបាវមករុំហៅរ៉ឺម៉កម៉ូតូដឹកយកទៅ។ ក្រោយ មកដើម្បីយកលុយនៅក្នុងទូដែកបានខ្លួនគេប្រើដែកគាស់ទម្លាយទើបយកបាន និងសោផ្ទះធ្វើបើកចំហដូចចោរឆ្កឹះចូលកុំឲ្យថៅកែសង្ស័យ ។
លុយដែលនៅក្នុងទូដែកចំនួន៧.៥០០ ដុល្លារជនសង្ស័យប្រាប់ថា ស៊ីចាយជាមួយ មិត្តភក្តិអស់៥០០ដុល្លារហើយនៅសល់ ៧.០០០ដុល្លារទៀត បង្កើតគណនីវីងផ្ទាល់ ខ្លួនហើយក៏នាំជនសង្ស័យទៅដកលុយ យកមកវិញដែលនៅសល់៧.០០០ដុល្លារសហរដ្ឋអាមេរិក ហើយក៏សួរនាំរកទូដែកដែលជនសង្ស័យលើកយកទៅបោះចោលនៅព្រៃតាមផ្លូវ៦០ម៉ែត្រស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយក៏នាំជនសង្ស័យទៅយកទូដែកជា វត្ថុតាងផងដែរ ។
ក្រោយមកក៏នាំយកមកប៉ុស្តិ៍វិញកសាង សំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ។ ចំណែកលុយដែលនៅសល់៧ ពាន់ដុល្លារសហរដ្ឋអាមេរិកនោះបានប្រគល់ ឲ្យបុរសជនរងគ្រោះវិញ ៕ តាឡឹម