ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ គ្រាដែលកំពុងយកដុំថ្មនិងអង្កត់អុសគប់ចូលផ្ទះគូទំនាស់

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ គ្រាដែលបុរសរូបនេះធ្វើសកម្មភាពយកដុំថ្មជាច្រើនដុំ និងអង្កត់ជាច្រើនកំណាត់គប់ចូលទៅក្នុងផ្ទះគូទំនាស់ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ។

មន្ត្រីនគរបាលយុត្តិធម៌ស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខុម សុភណ្ឌ ហៅ ខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះឈ្មោះ វន្នី តាំងហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យមានសភាពស្រវឹងស្រាជោកជាំ ហើយបានស្រែកចោទប្រកាន់ទៅលើជនរងគ្រោះថាមានចេតនារោទ៍ម៉ាស៊ីនម៉ូតូរំខាន ។ មិនត្រឹមតែចោទប្រកាន់នោះទេជនសង្ស័យបានស្ទុះចូលទៅចាប់ក្របួច.កអាវជនរងគ្រោះថែមទៀត ធ្វើឲ្យជនរងគ្រោះអត់ទ្រាំមិនបានក៏ដាល់មួយដៃត្រូវចំលើផ្ទៃមុខជនសង្ស័យ រហូតមានការប្រតាយប្រតបគ្នាមួយសន្ទុះទើបមានប្រជាពលរដ្ឋចូលទៅឃាត់ចាប់បំបែកអ្នកទាំងពីរចេញពីគ្នា ។

ប្រភពដដែលបានបន្តទៀតថា ដោយមិនចង់មានរឿងវែងឆ្ងាយជនរងគ្រោះឋ ក៏បានដើរចូលទៅក្នុងផ្ទះរបស់ខ្លួនបិទទ្វារបាត់ទៅ ។ ជនសង្ស័យនៅតែមិនអស់ចិត្តទាញយកដុំថ្មជាច្រើនដុំ និងអង្កត់អុសជាច្រើនកំណាត់គុបចូលទៅក្នុងផ្ទះជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតបាក់ក្បាច់របងនិងបាក់បែកជញ្ចាំងផ្ទះ ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

aes-6 aes aes-1 aes-2 aes-3 aes-4 aes-5


ចែករំលែក៖