ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដោយសម្របសម្រួលពីព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តពោធិ៍សាត់ ចុះបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឈានដល់ការឆែកឆេលំនៅដ្ឋានផងដែរ ក្នុងនោះកំលាំងឃាត់ខ្លួនបានម្នាក់រួមទាំងវត្ថុតាងនឹងសម្ភារ។
ប្រតិបត្តិការបង្រ្កាបបទល្មើសការជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ អនុវត្តន៍ឡើងនៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចជងប៉ះកង់រថយន្ត ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសការជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើ កំលាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី សារិទ្ធ ហៅក្រិន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត បច្ចុប្បន្នរស់នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់(មកស្នាក់នៅភូមិ-ឃុំខាងលើ)។
លោក វរសេនីយ៍ទោបន្តថា ក្នុងនោះកំលាំងរកឃើញវត្ថុតាងនិងសម្ភារត្រូវដកហូតរួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន ១០កញ្ចប់តូច.ដាវ ០១.ឯកសណ្ថានកងកម្លាំង ០១កម្លេរ.ទូរស័ព្ទដៃម៉ាក ណូគា ចំនួន ០១គ្រឿង(ចុចពិល) បន្ទាប់មកទៀតកំលាំងឆែកឆេបន្ទប់ដេករបស់ឈ្មោះ លី សារិទ្ធ ហៅក្រិន រកឃើញម្សៅក្រាមពណ៏សថ្លាចំនួន ០១កញ្ចប់តូចទៀត រួមទាំងឧបករណ៏ប្រើប្រាស់សារធាតុញៀនមួយកម្លេរ និងដកហូតរថយន្ត០១គ្រឿងម៉ាក ទីកូ ពណ៏ស ពាក់ស្លាកលេខ ឆ 8877 ភ.ព 2 ។
លោក អធិការបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាងនិងសម្ភារដែលបានដកហូត បានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្តតាមផ្លូវច្បាប់នៃសាលាដំបូងខេត្តពោធិ៍សាត់៕ ប៉ឹម ពិន