ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ឡើងលួចខ្សែករបស់ប្រជាពលរដ្ឋចំនួនខ្សែក៥ជីកន្លះ តែត្រូវជនរងគ្រោះបានស្រែឆោឡោផ្អើលអស់អ្នកភូមិបានមកជួយព្រួតដេញចាប់យ៉ាងប្រផាប់ប្រភីង រហូតចាប់បានហើយវ៉ៃឡើងហើមមុខមាត់រួចបញ្ជូនមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលចាត់ការបន្ត ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។ស្ថិតនៅផ្ទះស្រ្តីរងគ្រោះ ភូមិព្រែកយាយហិនទី២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ស៊ុំ ចាន់ធឿន ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ និងប្តីឈ្មោះ ហូយ ប៉ូលីនអាយុ៤០ឆ្នាំ ស្នាក់នៅភូមិកើតហេតុមុខរបរជាងកាត់កញ្ចក់នៅភ្នំពេញ ចំណែកជនសង្ស័យឈ្មោះ សួង វិចិត្រអាយុ៥០ឆ្នាំ មុខរបរមិនប្រាកដស្នាក់នៅបច្ចុប្បន្នភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពពីស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងកើតហេតុរូបគាត់បានជូនម្តាយមកពីភ្នំពេញ ហើយសម្រាកនៅលើផ្ទះជាមួយប្តី លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានឡើងទៅលើផ្ទះតាមបង្អួចដោយមានជណ្តើរឡើងដោយនៅលើផ្ទះមិនបានបិទភ្លើង ធ្វើអោយជនសង្ស័យ ឃើញខ្សែកផ្លាកទីន ពាក់នៅកជនសង្ស័យ ក៏លបដោះទំពក់ថ្នមៗ ពេលដោះមិនទាន់បាននៅឡើយ ស្ត្រីរងគ្រោះបានដឹងខ្លួនហើយស្រែកឆោឡោអោយអ្នកជិតខាងជួយ ខណៈនោះ ប្រជាពលរដ្ឋរស់នៅក្បែខាងបានចេញមកដេញចាប់យ៉ាងប្រផាប់ប្រភីងរហូតជនសង្ស័យរត់បានប្រហែលជិតបាន៣០០ម៉ែត្រពីផ្ទះស្រ្តីរងគ្រោះទើបចាប់បានហើយម្នាក់ៗ ធ្លាប់មានកំហឹងនិងចោរលួច ក៏បានវាយសំពងម្នាក់មួយដៃមួយជើងររហូតទ្រមខ្លួនហើយបញ្ជួនមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីជ្រោយចាត់ការបន្ត។
ចំពោះករណីនេះ ជនសង្ស័យមិនបានសារភាពថា ខ្លួនបានលួចទេដោយខ្លួនជាន់ដានគេ។ តែករណីនេះ ប្រពន្ធ ជនសង្ស័យឈ្មោះ ទេព ចន្ធី អាយុ៤៨ឆ្នាំ បានអង្វរទៅស្រ្តីរងគ្រោះកុំអោយដាក់ពាក្សបណ្តឹងទៅតុលាការអោយសម្រួលនៅត្រឹមមូលដ្ឋាននោះ គាត់រកលុយមកសងបើទោះប្តីគាត់លួច ឬមិនលួចក៏ដោយ។
តែទោះជាយ៉ាងសមត្ថកិច្ចនគរបានប៉ុស្តិ៍ឫស្សីជ្រោយលោក សូ គឿន បានបង្ហើបប្រាប់អ្នកយកព័ត៌មាននគរវត្តថាបើទោះបីជនសង្ស័យ និងជនរងគ្រោះត្រូវរូវគ្នាក៏ដោយ ក៏លោកមិនអាចសម្រួលនៅក្នុងមូលដ្ឋានបានដែរ វាអាស្រ័យលើតុលាការ និងច្បាប់។ តែស្រ្តីរងគ្រោះ និងប្តីបានបង្ហើបឲ្យដឹងថា គាត់ និងដកពាក្យបណ្តឹងវិញ ខណៈជនសង្ស័យបានសងមាសមកឲ្យគាត់វិញ ៕ ឡូ សំអាត