ភ្នំពេញ ៖ ពិតជាចម្លែក ម្ទេសណាមិនហិរ ស្រីណាមិនប្រចណ្ឌ ម្តាយណាដែលចង់ឲ្យកូនធ្លាក់ នរក ? ចំណែករឿងរ៉ាវមួយនេះកើតមាននៅក្នុងរង្វង់គ្រួសារមួយ ដែលគេធ្លាប់តែឃើញស្រី្តជា ប្រពន្ធប្រចណ្ឌប្តីគួរមានការឈឺចាប់ ផ្ទុយទៅវិញបែរជាម្តាយបង្កើតប្រចណ្ឌកូនប្រុសជំនួសកូន ប្រសា ហើយនៅពេលតាមទាន់កូនប្រុសកំពុងអង្គុយសារសងជាមួយស្រីថ្មី បានស្ទុះទៅវាយបោចសក់ ទាត់ធាក់ស្រីនោះយ៉ាងចាស់ដៃ បង្កការភ្ញាក់ផ្អើលទាំងយប់ ។
រឿងហេតុនេះកើតឡើងកាលពីវេលាម៉ោង៨ និង២៥នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នៅស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពីគេឃើញស្ត្រីជាម្តាយខឹងកូនប្រុសខ្លួនលួចមានសហាយ ខណៈមានប្រពន្ធកូន២ទៅហើយនោះ ក៏ជិះម៉ូតូតាមរកឃើញពេលកំពុងអង្គុយសារសងជាមួយស្រីនោះ ក៏ចុះទៅចាប់ស្រីនោះវាយបោចសក់ ទាត់ធាក់ផ្អើលតែម្តង ។
ស្រី្តរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនិងអាសយដ្ឋានទេ គ្រាន់តែដឹងថាគាត់មានអាយុជិត៦០ឆ្នាំ ស្លៀកខោជើងវែង ពាក់អាវផ្កា និងមានពាក់វ៉ែនតាពណ៌ស ហើយគាត់អះអាងថាត្រូវជាម្តាយបង្កើតរបស់កូនប្រុសដែលក្បត់ចិត្តប្រពន្ធមកមានស្រីថ្មី។
ស្រី្តចំណាស់រូបនេះបានរៀបរាប់ប្រាប់គេឯងថា កូនប្រុសគាត់អាយុជិត៣០ឆ្នាំហើយវាមានប្រពន្ធនិងកូនប្រុស២នាក់ទៅហើយ បែរជាទៅលួចមានទំនាក់ទំនងស្នេហាជាមួយស្រីផ្សេងទៅវិញ ។ កន្លងមកទោះបីជាគាត់ខំប្រឹងនិយាយណែនាំកូនប្រុសឱ្យឈប់ទាក់ទងជាមួយនារីនោះច្រើនលើកក៏ដោយ ក៏កូនប្រុសគាត់នៅតែមិនស្តាប់ ដែរ។ ចំណែកនារីជាសហាយកូនប្រុស ក៏គាត់ធ្លាប់បាននិយាយតាមទូរស័ព្ទហាមប្រាមឱ្យឈប់ទាក់ទងគ្នាដែរ តែត្រូវនាងមិនស្តាប់ទេនៅតែលួចណាត់ជួបគ្នាដដែល ។ រហូតដល់ម៉ោងកើតហេតុខាងលើ រូបគាត់បានឱ្យកូនស្រីម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងតាមដានស្រាប់តែឃើញអ្នកទាំងពីរ បានជិះម៉ូតូឌុបគ្នា រួចហើយទៅអង្គុយសាសងស្នេហានៅទីនេះ ទើបគាត់ឱ្យកូនស្រីឈប់ម៉ូតូ រួចហើយទ្រាំលែងបានក៏ដើរទៅចាប់បោចសក់នារីនោះវាយទាត់ធាក់តែម្តងទៅ កុំឲ្យវាពូកែលួចប្តីគេទៀត ។
ទោះយ៉ាងណាសកម្មភាពនេះ គេឃើញនាពេលនោះគឺកូនប្រុសបានស្ទុះទៅចាប់ក្រៀកម្តាយជាមួយសន្តិសុខស្ថានីយ៍ប្រេងឥន្ធនៈខាងលើកុំឲ្យម្តាយប្រើហិង្សាទៅលើនារីកំណាន់ចិត្តខ្លួន តែចាប់ស្ទើរមិនឈ្នះហើយស្ត្រីជាម្តាយនៅតែវាយទាត់ធាក់បោចសក់នារីនោះទាល់តែបាននិងបង្កការភ្ញាក់ផ្អើលគេផ្អើលឯងទាល់តែបាន។ មិនតែប៉ុណ្ណោះគាត់ថែមទាំងស្រែកខ្លាំងៗឱ្យអ្នកធ្វើដំណើរមកជួយមើលផង «នេះជាស្រីដែលទាក់ទងប្តីគេ» ។ ចំណែកនារីកំណាន់ចិត្តកូនប្រុសរបស់គាត់មានទឹកមុខក្រហមស្លេកស្លាំងហើយមិនបាននិយាយអ្វីដែរ គ្រាន់តែប្រាប់ថា បើចង់ឲ្យខ្ញុំឈប់ទាក់ទង មីងឯងសួរទៅកូនប្រុសមីងទៅ ។ បន្ទាប់មកនាងបានទូរស័ព្ទហៅបងប្អូន ឲ្យយកម៉ូតូមកដឹកនាងទៅផ្ទះបាត់ទៅ ។ចំណែក ស្ត្រី ជា ម្តាយ និង កូនប្រុស ក៏ បាន ជិះ ម៉ូតូ ចេញទៅបាត់អស់ដែរ បន្ទាប់ពីមានការអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន កុំ ឲ្យមានប្រទូស្តរ៉ាយគ្នានៅតាមផ្លូវសាធារណៈបែបនេះនាំឲ្យខ្មាសគេ ៕ ស រស្មី