ភ្នំពេញ ៖ ពិតជាគួរឲ្យអាសូរណាស់ ដែលនារីរកស៊ីបម្រើផ្លូវភេទម្នាក់ បានធ្លាក់ទឹកស្លាប់ បន្ទាប់ពីរត់គេចចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចខណ្ឌដូនពេញ ហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេសាបកាលពីពីរថ្ងៃមុននេះ ហើយសពទើបតែអណ្តែតនាយប់ថ្ងៃទី៣ ខែមករា នៅត្រង់ស្ពានច្បារអំពៅ បង្កការភ្ញាក់ផ្អើលតែម្តង ។
គេនៅចាំបានថា កាលពីថ្ងៃទី១ខែមករា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌដូនពេញបានចុះធ្វើរដ្ឋបាលបណ្តេញនារីរកសុីផ្លូវភេទ ដែលឈរហៅភ្លៀវ តាមដងផ្លូវព្រះសុីសុវត្ថិជិត ភោជនីយដ្ឋានទន្លេសាប ដែលបង្កភាពរញ៉េរញៃស្ទើររាល់ថ្ងៃ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដើម្បីយកទៅដាក់នៅមណ្ឌលអប់រំកែប្រែមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ ស្របពេលដែលសមត្ថកិច្ចកំពុងដេញនារីរកសុីបម្រើផ្លូវភេទជាច្រើននៅម្តុំនោះ បានធ្វើឲ្យនាងៗរកស៊ីបោយដៃទាំងនោះ ភ័យនាំគ្នារត់រប៉ាត់រប៉ាយដើម្បីគេចចេញពីការចាប់ខ្លួនរបស់អាជ្ញាធរខណ្ឌដូនពេញ ។
សាក្សីបានឲ្យដឹងថា បន្ទាប់ពីនារីរកសុីផ្លូវភេទទាំងអស់នោះរត់គេចចេញបានមួយសន្ទុះក៏មានការស្រែកឆោឡោឡើងថាបាត់នារីម្នាក់ហើយ ពុំដឹងទៅទីណា ហើយក៏មានអ្នកខ្លះអះអាងថានារីបាត់ខ្លួនខាងលើបានធ្លាក់ចូលទៅក្នុងទឹកទន្លេហើយ ក៏នាំគ្នារកតែរកមិនឃើញ ហើយក៏គ្មានអ្នកណាជួយយកចិត្តទុកដាក់ដែរព្រោះនារីដែលបាត់ខ្លួនត្រឹមតែជាស្ត្រីរកសុីលក់ខ្លួនតាមផ្លូវតែប៉ុណ្ណោះ ។ បន្ទាប់មកក៏នាំគ្នាដើរចេញពីកន្លែងដែលគេសង្ស័យថានារី រងគ្រោះធ្លាក់ទឹកទន្លេអស់ទៅ ។ រហូតដល់យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្រាប់តែមានគេប្រទះឃើញសពនារីម្នាក់នេះ អណ្តែតទឹកក្រោមស្ពានច្បារអំពៅ ក៏បាននាំគ្នាស្រង់ឡើងមកលើគោកពិនិត្យទើបដឹងថា សពនេះពិតជាសពនារីរកសុីលក់ខ្លួនដែលលង់ទឹកពេលរត់គេចពីសមត្ថកិចដេញចាប់នៅខណ្ឌដូនពេញប្រាកដមែន ហើយបានជូនដំណឹងទៅក្រុមគ្រួសានាងមកទទួលយកទៅធ្វើបុណ្យតែម្តងទៅ ៕ ប្រាថ្នា