កំពង់ចាម: រយៈពេលជិត១ខែហើយ សមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនបាន លោក ម៉ុត សំអាត មេប៉ុស្តិ៍ច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបើករថយន្តក្នុងអាការៈស្រវឹងបុកម៉ូតូបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ជាបន្តបន្ទាប់ នៅឡើយទេ ។
លោក ហួត វុទ្ធី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបញ្ជាឲ្យចូលខ្លួន ដល់ឈ្មោះ ម៉ុត សំអាត ជាមេប៉ុស្តិ៍ច្រនៀង ។ ក្នុងដីកានេះ លោក ហួត វុទ្ធី បញ្ជាក់ថា អនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កងកម្លាំងសាធារណៈដើម្បីបង្ខំបុគ្គលនោះឲ្យចូលខ្លួនបាន ។
ពាក់ព័ន្ធករណីនេះ លោក ហួត វុទ្ធី បានថ្លែងតាមទូរស័ព្ទកាលពីថ្ងៃទី៤ ខែមករា ថា សំណុំរឿងនេះ អយ្យការបានបើកការស៊ើបអង្កេតហើយ ។
គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋឃើញហេតុការណ៍ បញ្ជាក់ថា លោក ម៉ុត សំអាត បានជិះរថយន្តមានគ្នា៤នាក់ទាំងតៃកុង បានចេញពីហាងខារ៉ាអូខេ យីហោ រស្មីបូព៌ា ស្ថិតនៅស្គន់ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ជាបន្តបន្ទាប់ ។ ក្រោយពីកើតហេតុ មានបក្ខពួក ឈ្មោះ វុធ បានជិះឡានធុនត្រា ពណ៌ទឹកប្រាក់ ស្លាកលេខ 2Y-9594 មករំដោះយកជនសង្ស័យយកទៅបាត់ ។
ក្រុមជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1H-8863 ជិះគ្នា៣នាក់ គ្មានមួកសុវត្ថិភាព ។ អ្នកបើកម៉ូតូ ឈ្មោះ ថុល វាសនា ភេទ ប្រុស ១៨ឆ្នាំ ស្លាប់ អ្នករួមដំណើរ អាយុ ១៨ឆ្នាំ ស្លាប់ ទី៣ ឈ្មោះ ថៃ ធា អាយុ ១៩ឆ្នាំ របួសធ្ងន់តែបានស្លាប់នៅមន្ទីរពេទ្យ រស់នៅភូមិឃុំកើតហេតុ ៕ ចេស្តា