ការប្រគល់វ៉ាលិសបរមាណូ និងការ ចែកផ្លូវជាមួយបុគ្គលិកមន្ត្រីរដ្ឋការជាកិច្ចការចុងក្រោយដែលលោក អូបាម៉ា ត្រូវតែ ធ្វើ។
នៅពេលនេះប្រធានាធិបតី អូបាម៉ា ស្ថិតនៅក្នុងពេលវេលាចុងក្រោយនៃអាណត្តិ ទីពីររបស់ខ្លួននៅសេតវិមាន ហើយនៅ សល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះអាមេរិកនឹងមានប្រធានាធិបតីថ្មី។ ដើម្បីត្រៀម លក្ខណៈផ្ទេរតំណែងស្ថាប័នសំខាន់ៗរបស់ រដ្ឋដំណើរការអស់ពីសមត្ថភាពដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ផងដែរ។
ប៉ុន្តែការផ្លាស់ប្តូររដ្ឋាភិបាលមិនមែនជារឿងងាយស្រួលឡើយ។ មុនពេលក្លាទៅជាពលរដ្ឋធម្មតាវិញរបស់លោក អូបាម៉ា ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង។
អ្វីដែលពិបាកនោះគឺវ៉ាលិសបរមាណូដែលជាវត្ថុតាមជាប់ខ្លួនប្រធានាធិបតីជា និច្ច និងកាតលេខសម្ងាត់បរមាណូត្រូវបានប្រធានាធិបតីប្រគល់ទៅឲ្យក្រសួងការពារជាតិវិញមុនពេលបញ្ចប់អាណត្តិ។ នៅពេល នេះមានការប្រជុំសម្ងាត់របស់ប្រធានាធិបតី ចាស់និងមន្ត្រីក្រសួងការពារជាតិដើម្បីផ្លាស់ ប្តូរលេខសម្ងាត់បរមាណូមុនពេលប្រគល់ទៅឲ្យម្ចាស់ថ្មីគ្រប់គ្រងនៅថ្ងៃទី២០ ខែមករា នេះ។
រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោកដែល អាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ក៏ដូចជាសិទ្ធិក្នុងការបញ្ជាគ្រាប់បរមាណូនោះស្ថិតនៅក្នុងដៃប្រធានាធិបតីគឺជាប្រធានបទក្តៅក្នុងការពិភាក្សានៅទូទាំងអាមេរិក។
លេខសម្ងាតកុងតាក់បញ្ជាគ្រាប់បែកបរ មាណូ ស្ថិតនៅក្នុងវ៉ាលិសពណ៌ខ្មៅផលិតពីអាលុយមីញ៉ូម ស្រោបស្បែកមានទម្ងន់ ២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិក គ្រប់ជំនាន់គឺបាននាំទៅជាប់ខ្លួនជានិច្ចទោះទៅទស្សនកិច្ចទីណាក្តី។ វ៉ាលិសនោះត្រូវបានការពារនិងដឹកជញ្ជូនដោយមន្ត្រី៥រូប មកពី៥កងពលបរមាណូ។
អតីតអ្នកទទួលខុសត្រូវកាន់វ៉ាលិស បរមាណូសម្រាប់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន លោក Robert Patterson បញ្ជាក់ ថា «គ្រប់ពេលយើងមានការព្រួយបារម្ភ ភ័យខ្លាចដោយក្នុងនោះអាចសម្លាប់ជីវិត មនុស្សជាង២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលិសនោះទទួលការហ្វឹកហាត់ ជា ពិសេសដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាមបរមាណូកើតឡើង។ ដើម្បី បញ្ជាបានប្រធានាធិបតីត្រូវបើប្រាស់កាតមួយមានលេខសម្ងាត់ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ជាបាន។ វ៉ាលិសនោះត្រូវបានគេឲ្យរហស្សនាមថា «ប៉េងប៉ោង» ចំណែកកាតលេខសម្ងាត់ហៅថា «នំ ស្រួយ» វត្ថុទាំងពីរនោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្ត ជណ្តើរយន្តឧទ្ធម្ភាគចក្រ។ លោក Bill Gulley អតីតប្រធានការិយាល័យយោធារបស់សេតវិមានបានបញ្ជាក់ថា «កាត» និងវ៉ាលិសបានផ្ទុកនូវឯកសារសំខាន់ៗ៧៥ ទំព័រក្នុងនោះមានជម្រើសក្នុងការវាយ ប្រហារបរមាណូតបតទៅលើសត្រូវមានសៀវភៅបញ្ជាក់ពីទីតាំងអាថ៌កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាសអាសន្នបន្ទាន់។
វ៉ាលិសបរមាណូខាងលើក៏បានទៅជាមួយលោក អូបាម៉ា ទៅកាន់កន្លែងគោរព វិញ្ញណក្ខន្ធអ្នករងគ្រោះដោយការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាពីអាមេរិក។
ប្រធានាធិបតីអាមេរិកក្តាប់សិទ្ធិបញ្ជាគ្រាប់បរមាណូជាង២.០០០គ្រាប់ដែល បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ត្រូវ បានដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភព លោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយ ប្រធានាធិបតីបានបញ្ជាវាយប្រហារនៅ គ្រប់ទីកន្លែងលើភពផែនដី។ ក្នុងរយៈពេល តែ៣០នាទីបរមណូទាំងនោះនឹងទៅដល់គោលដៅ ហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង។
ដោយហេតុនោះហើយមេដឹកនាំអាមេរិក ចំាបាច់ត្រូវតែមានការអត់ធ្មត់ខ្ពស់ បើមានសកម្មភាពឆេវឆាវនោះពិភពលោកនឹងធ្លាក់ ចូលក្នុងភាពចលាចល។
ទាំងនោះហើយបានជាអ្នកវិភាគនយោបាយអាមេរិកជាច្រើនរូបបញ្ជាក់ថា លោក ត្រាំ មិនអាចគ្រប់គ្រងលេខសម្ងាត់បរមាណូ អាមេរិកនោះឡើយមានន័យថាលោកមិនអាចក្លាយជាប្រធានាធិបតីអាមេរិកនោះឡើយ។
ក្នុងរយៈពេលខ្លីប៉ុណ្ណោះដែលលោក ត្រាំ បានក្លាយជាបេក្ខភាពប្រធានាធិបតីនោះលោកបានសួរ៣លើកមកហើយពី អាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថាហេតុអ្វីបានជាអាមេរិកមិនប្រើប្រាស់ អាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ?
ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្សន៍ MSNBC លោក Joe Scarborough ទម្លាយនៅក្នុងបទ សម្ភាសន៍មួយជាមួយអតីតអគ្គនាយក CIA លោក Michael Hayden ដែលបានចាក់ផ្សាយនៅថ្ងៃទី៤ខែសីហាកន្លងទៅ។
លោក Joe Scarborough បានបញ្ជាក់ ថា «កាលពីប៉ុន្មានខែមុនអ្នកឯកទេសពីគោលនយោបាយការបរទេសបានជួប ពិភាក្សាជាមួយលោក ត្រាំ ហើយលោក បានសួរថា «ហេតុអ្វីបានជាយើងមិនប្រើប្រាស់អាវុធបរមាណូដែលយើងមាន?»។
សកម្មភាពខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានដោយកន្លង មកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេល ក្លាយជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើលោក ត្រាំ នឹងប្រើប្រាស់ អាវុធបរមាណូឬពេលលោកឡើងកាន់ តំណែងជាប្រធានាធិបតី?
ទាំងនោះហើយបានធ្វើឲ្យអ្នកនយោ បាយអាមេរិកព្រួយបារម្ភ ទាំងអ្នកនយោ បាយនៅក្នុងបក្សសាធារណរដ្ឋនិងប្រជា ធិបតេយ្យមិនចង់ឲ្យលោក ត្រាំ ជាប់ឆ្នោត ឡើយ។ នៅក្នុងមហាសន្និបាតបក្សមន្ត្រី ជាន់ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធា រណរដ្ឋមិនបានចូលរួមនោះឡើយដូចជា អតីតប្រធានាធិបតី ប៊ូស ជាដើម ដោយសារតែមិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅរបស់លោកត្រាំ។
អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីពេល នោះពិភពលោកទាំងមូលនឹងក្រឡាប់ចាក់ សង្គ្រាមបរមាណូកើតឡើងភពផែនដីត្រូវ វិនាសកម្មជាមិនខាន៕ ម៉ែវ សាធី