ខេត្តបាត់ដំបង៖ សម្រាប់ប្រជាពលរដ្ឋដែលមិនចេះច្បាប់ទម្លាប់ដូចមន្ត្រីតុលាការមុខជាឆ្ងល់ថា ហេតុអ្វីបានជាចាប់លែងចាប់លែង, លែងចាប់ លែងចាប់ ករណីស្ត្រីម្ចាស់ផ្ទះវេរលុយវីងមួយកន្លែងនៅស្រុកមោងឫស្សី ។ បន្ទាប់ពីការព្យាយាមលាក់ខ្លួននៅក្នុងផ្ទះប៉ុន្មានម៉ោង ស្ត្រីជា សុម៉ាលី អាយុ៣២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចនាំខ្លួនលើកទី២នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្ត ។ គេរំពឹងថា សាលាដំបូងខេត្តបាត់ដំបងអាចនឹងមិនដោះលែងស្ត្រី ជា សុម៉ាលី ម្តងទៀតឡើយ ។
ប្រជាពលរដ្ឋដែលកំពុងរង់ចាំលុយបើកចេញពីផ្ទះវេរលុយវីងខាងលើនេះ កំពុងអន្ទះសារថា តើក្រុមហ៊ុនវីងមានដំណោះស្រាយចំពោះករណីខាងលើនេះដែរឬទេ? រីឯមន្ត្រីសាលាដំបូងខេត្តបាត់ដំបងមួយរូបអះអាងថា ការដែលគេនាំខ្លួនស្ត្រីម្ចាស់ផ្ទះវេរលុយវីងមកតុលាការវិញនោះ ព្រោះខ្លាចប្រជាពលរដ្ឋធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ក្លាយជារឿងធំ ឮដល់ប្រមុខរាជរដ្ឋាភិបាលចំពោះករណីដែលសាលាដំបូងខេត្តនេះដោះលែងស្ត្រី ជា សុម៉ាលី នោះ ។ ភ្លាមៗក្រោយការដោះលែងស្ត្រី ជា សុម៉ាលី អ្នកភូមិច្រើននាក់ ក្នុងស្រុកមោងឫស្សី ដែលបាត់បង់ប្រាក់បានជួបប្រជុំគ្នារកកល់នឹងធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ទៅហើយ ។
បើទោះបីជាស្ត្រី ជា សុម៉ាលី ត្រូវបាននាំខ្លួនមកសាលាដំបូងខេត្តបាត់ដំបងជាថ្មីម្តងទៀតយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋហាក់មិនមានទំនុកចិត្តថា ប្រាក់របស់ខ្លួនត្រូវបានបើកប្រគល់ឲ្យវិញនោះឡើយ ។ អាជ្ញាធរហាក់ដូចជាមិនមានចំណាត់ការជួយប្រជាពលរដ្ឋរងគ្រោះទាំងនោះឡើយ ។ ប្រភពបានឲ្យដឹងថា ប្រជាពលរដ្ឋកំពុងព្រួយបារម្ភចំពោះបញ្ហាលុយកាក់ ដែលកូនចៅផ្ញើតាមក្រុមហ៊ុនវីង តាមរយៈផ្ទះវេរលុយវីងចំរើន សុម៉ាលី នេះ ។
ព័ត៌មានស្តីអំពីស្ត្រីជា សុម៉ាលី ម្ចាស់ផ្ទះវេរលុយវីង ត្រូវបានចែករំលែកជាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ មានមតិជាច្រើនបានលើកឡើងពាក់ព័ន្ធទៅនឹងការបាត់បង់ប្រាក់តាមរយៈការផ្ញើទៅមក ជាមួយក្រុមហ៊ុនវីង ។
ម្ចាស់គណនីវេសប៊ុកកូនខ្មែរបញ្ចេញយោបល់ថា «ខ្ញុំអស់៣០០ដុល្លារដែរ វាថាទាល់តែមានលេខទូរស័ព្ទបានបើកឲ្យខ្ញុំ, យកលេខទូរស័ព្ទទៅ វាថា គេដកលុយរួចហើយ ហួសចិត្តមិនដឹងថាម៉េច», Apple Tree បានសរសេរថា « បើពិតមែន ខ្ញុំមុនគេ និងមិនធ្វើការផ្ញើលុយតាមរយៈវីងទៀតទេ» ។ គណនីហ្វេសប៊ុក Phanny KS បានសរសេរថា «ប្រជាជនកំពុងតែអត់ហើយ បោកទៀត ថោករកអ្វីប្រដូចមិនបាន» ។ ដូចគ្នានេះដែរ Mak Heang «បោកពលករបាបងាប់ហើយ គ្នាសុទ្ធតែក្រ» ។
រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយយ៉ាងណាចំពោះប្រជាពលរដ្ឋក្រីក្រ ដែលភាគច្រើននៅស្រុកមោងឫស្សីត្រូវចាញ់បោកថៅកែផ្ទះវេរលុយវីង ជា សុម៉ាលី នេះយ៉ាងណានៅឡើយ ៕ ហេង សូរិយា