ខេត្តបាត់ដំបង ៖ ខណៈដែលទីផ្សារ ដំឡូងមីបានធ្លាក់ថ្លៃយ៉ាងគហុកជាប់គ្នា២ ឆ្នាំមកនេះបានធ្វើឲ្យប្រជាកសិករសម្រេចចិត្តធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗ។ ប្រការនេះហាក់មិនទាន់មានដំណោះស្រាយ នៅឡើយ ។
ប្រជាកសិកររស់នៅភូមិផ្លូវមាស ឃុំផ្លូវ មាស ស្រុករតនមណ្ឌលបានត្អូញត្អែរថា ពួក គាត់រស់នៅតាមបណ្ដោយតំបន់ព្រំដែន អស់ទឹកចិត្តនឹងដាំដំណាំផ្សេងៗទៀតហើយ ព្រោះត្រូវចំណាយលើជីថ្នាំបំប៉នរួមទាំង ទំនិញនានាក្នុងទីផ្សារដែលតម្លៃកាន់តែ ខ្ពស់។ ទន្ទឹមនឹងនោះភាពរាំងស្ងួតបាន អូសបន្លាយពេលយូរនាំឲ្យដំឡូងងាប់រហូត កសិករតស៊ូដាំ២ទៅ៣ដងទើបដុះចុង ក្រោយភោគផលដែលប្រមូលបានមិន មានហាងឆេងទៀតគឺតម្លៃធ្លាក់ទាបមិន អាចទទួលយកបានស្រេចតែមាត់ឈ្មួញ។
ពួកគាត់និយាយទៀតថា ផលដំឡូងស្រស់ក្នុងរយៈពេល២ឆ្នាំមកនេះធ្លាក់តម្លៃត្រឹម១៤០រៀលក្នុងមួយគីឡូក្រាម រីឯដំឡូង ស្ងួតលក់បានតម្លៃ៥០០រៀលក្នុងមួយគីឡូក្រាមខុសពីឆ្នាំមុនៗដែលមានហាងឆេងល្អដំឡូងស្រស់ក្នុងមួយគីឡូក្រាមពី៣០០ ទៅ៤០០រៀល និងក្នុងមួយគីឡូក្រាមពី ៦០០ទៅ៨០០រៀលសម្រាប់ដំឡូងស្ងួត។
លោក អុំ សម្បត្តិ កសិកររស់នៅភូមិ អូរល្មូនបានរៀបរាប់ថា រយៈពេល២ឆ្នាំ ហើយដែលកសិកររងការប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរនិងត្រូវជំពាក់លុយចិនឬធនាគារ រហូតលក់គោយន្ដ លក់ដីជាបន្ដបន្ទាប់ និងបញ្ជូនកូនចៅទៅធ្វើកម្មករនៅប្រទេសថៃ ក៏ព្រោះតែអស់សង្ឃឹមនឹងផលកសិកម្ម មានការធ្លាក់ចុះយ៉ាងគំហុកដូច្នេះ ។
លោក វ៉ៃ ចំរើន អនុប្រធានសហគមន៍អភិវឌ្ឍន៍ត្រែងជោគជ័យរស្មីផ្លូវមាសបាន ឲ្យដឹងថា ក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋចំនួន៥ភូមិគ្រួសារនីមួយៗ សុទ្ធតែបានដាំដំឡូងស្ទើរតែទាំងអស់ ហើយសុទ្ធតែរងការខូចខាតប៉ះពាល់ដល់ជីវភាពយ៉ាងខ្លាំង។ ចំណែកខាងម្ចាស់ ទ្រទ្រង់សហគមន៍ក៏បានផ្អាកឧបត្ថម្ភផងដែរគឺដោយសារតែគម្រោងមិនទទួលបានជោគជ័យ ។
លោក ឱម សុវណ្ណជ័យ តំណាងក្រុម ហ៊ុនសានសម្រេចផលបានលើកឡើងថា មួយផ្នែកដែលកុំឲ្យកសិផលធ្លាក់តម្លៃទាប ទាល់តែមន្ដ្រីពាក់ព័ន្ធទាំងអស់មានឆន្ទៈ ជួយប្រជាកសិករកុំឲ្យពុករលួយលុយក្រោម តុជាមួយឈ្មួញកណ្ដាល កាលណាគិតតែ ប្រយោជន៍ហោប៉ៅខ្លាំងពេកឈ្មួញកណ្ដាល ទៅគាបកសិករបន្ដជាហេតុនាំឲ្យឈ្មួញ ទិញកសិផលក្នុងតម្លៃទាបដើម្បីចំណេញច្រើនទូទាត់ថ្លៃលុយក្រោមតុដែលត្រូវ ចំណាយ ។
លោកបន្តថា អាថ៌កំបាំងនៅពីក្រោយការស្ទះទំនិញរយៈពេលយូរ ឬខ្លីជាញឹក ញាប់កន្លងមកក៏ជាហេតុនាំឲ្យតម្លៃទំនិញ ធ្លាក់ទាបដោយសារឈ្មួញរកស៊ីនាំចេញ កសិផលទៅក្រៅប្រទេសមិនមានឯកសារគ្រប់គ្រាន់ ។ ដូច្នេះពេលគយថៃប្ដូរផ្លាស់គោលដៅមួយសប្ដាហ៍ម្ដងធ្វើឲ្យគយពិនិត្យ ឯកសារតាមផ្លូវច្បាប់ជាហេតុនាំឲ្យគយថៃមិនអនុញ្ញាតឲ្យនាំចូល ៕ ហេង សូរិយា