ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុករថយន្តបណ្តាលឲ្យដួល រថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយកិនស្លាប់២នាក់ ក្នុងស្រុកមុខកំពូល​​​

ចែករំលែក៖

ខេត្តកណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាមោ៉ង៨និង១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៤ លេខ២៥ ភូមិលើ ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ករណីនេះបង្កដោយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE9762 បើកបរដោយឈ្មោះ ស៊ី សៀក ភេទប្រុស អាយុ28ឆ្នាំ មានទីលំនៅភូមិតាំងជ្រៃ ឃុំ សណ្ដែក ស្រុកបាធាយ ខេត្តកំពងចាម ដោយមានឌុបមនុស្សម្នាក់ពីក្រោយ ឈ្មោះ ជន់ សុធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិដូនរាម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

មុនពេលកើតហេតុ ម៉ូតូធ្វើដំណើរពីត្បូងទៅជើងលុះ ដល់ចំណុចកើតហេតុ បានមកបុករថយន្ដមួយគ្រឿងម៉ាក C.R.V ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D8848 បើកបរដោយ ឈ្មោះ ស ហៀក ភេទប្រុស អាយុ72ឆ្នាំ មានទីលំនៅផ្ទះលេខ22 ផ្លូវ339 ភូមិ5 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបើកបរមានទិសដៅពីជើងទៅត្បូងបណ្ដាលអោយម៉ូតូដួលទៅលើទ្រូងផ្លូវ ហើយស្របពេលនោះ ក៏មានរថយន្ដមួយគ្រឿងផ្សេងទៀត មិនស្គាល់មា៉កបើកបរមកពីទិសខាងត្បូង បានមកកិនមនុស្សដែលដួលទាំងពីរនាក់នោះស្លាប់នៅកន្លែងកើតហេតុទាំងតែម្តង។

ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD6678 អ្នកបើកបរ(មិនស្គាល់ឈ្មោះសន្លប់បាត់ស្មារតី) និងមានឌុបមនុស្សម្នាក់ពីក្រោយ(មិនស្គាល់ឈ្មោះសន្លប់បាត់ស្មារតី) ធ្វើដំណើពីត្បូងទៅជើងបានបុកម៉ូតូហុងដា ខាងលើនោះបន្ថែម។

បន្ទាប់មកសមត្ថកិច្វនគរបាលចរាចរណ៍បញ្ជូនជនរងគ្រោះបញ្ជូនយកទៅមន្ទីរពេទ្យភ្នំពេញ រីឯ សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមុខកំពូលរង់ចាំកាដោះស្រាយបន្ត ៕ ឡូូ សំអាត

se-1 se-2


ចែករំលែក៖